មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ បានចេញផ្សាយកាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដឹកនាំការធ្វើតេស្តយន្តហោះដ្រូនអត្តឃាត និងបានបញ្ជាឱ្យផលិតពួកវាបន្ថែមទៀតជាលក្ខណៈទ្រង់ទ្រាយធំ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក Kim បានគូសបញ្ជាក់ថា ការប្រកួតប្រជែងប្រើប្រាស់យន្តហោះដ្រូនពិឃាត សម្រាប់គោលបំណងយោធា កំពុងបង្កើនល្បឿននៅជុំវិញពិភពលោក។ ហើយយោធាក៏ទំនងជាទទួលស្គាល់ពីភាពជោគជ័យរបស់ពួកវានៅក្នុងជម្លោះក្នុងទំហំផ្សេងៗផងដែរ។
កន្លងមក លោក Kim ក៏ធ្លាប់បានត្រួតពិនិត្យការធ្វើតេស្តយន្តហោះដ្រូនអត្តឃាតកាលពីដើមឆ្នាំនេះផងដែរ ចំពេលមានកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយរុស្ស៊ី។
ជាក់ស្តែង ថ្មីៗនេះ កូរ៉េខាងជើង និងរុស្ស៊ីបានផ្តល់សច្ចាប័នលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំរបស់ពួកគេបានចុះហត្ថលេខាកាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។
យន្តហោះដ្រូនរបស់កូរ៉េខាងជើង ត្រូវបានអ្នកវិភាគសង្ស័យថា ទំនងជាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ាផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា