ឆ្នាំមុន មនុស្សឆ្លងជំងឺកញ្ជ្រឹលកើនជាង ១០លាននាក់ទូទាំងពិភពលោក

ហ្សឺណែវ ៖ ការសិក្សាមួយបានបង្ហាញឱ្យដឹងថ្មីៗនេះថា ករណីឆ្លងជំងឺកញ្ជ្រឹលបានកើនឡើងដល់មួយភាគប្រាំក្នុងឆ្នាំ ២០២៣ ពោលគឺដល់ទៅជាង ១០លានករណីនៅទូទាំងពិភពលោក ដែលនេះសបញ្ជាក់ពីគម្លាតគួរឱ្យព្រួយបារម្ភ ក្នុងការគ្របដណ្តប់វ៉ាក់សាំងបង្ការ។

នៅទូទាំងពិភពលោក មានករណីឆ្លងជំងឺកញ្ជ្រឹលប្រមាណ ១០.៣លាននាក់ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរួមគ្នាដោយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។

តួលេខនោះបានកត់សម្គាល់ពីការកើនឡើង ២០ភាគរយធៀបនឹងឆ្នាំ ២០២២ ដោយការសិក្សាបានបង្ហាញថា ការចាក់ថ្នាំបង្ការនៅទូទាំងពិភពលោកមិនគ្រប់គ្រាន់ទេ ដូច្នេះហើយទើបជំរុញឱ្យមានការកើនឡើងករណីឆ្លងជំងឺកញ្ជ្រឹល។

កញ្ជ្រឹល ឬស្អូច គឺជាជំងឺឆ្លងមួយប្រភេទ ក្នុងចំណោមជំងឺឆ្លងលឿនបំផុតរបស់ពិភពលោក។ ហើយយ៉ាងហោចណាស់ទាមទារការចាក់វ៉ាក់សាំងការពារចំនួន ២ដូសជាចាំបាច់ ដើម្បីទប់ស្កាត់ការផ្ទុះឡើង។

ប៉ុន្តែនៅឆ្នាំ ២០២៣ មានតែកុមារចំនួន ៨៣ភាគរយប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលលើកដំបូងតាមរយៈសេវាសុខភាពជាប្រចាំ បើធៀបនឹងកម្រិតដូចគ្នាកាលពីឆ្នាំ ២០២២ ធ្លាក់ចុះពី ៨៦ភាគរយ មុនពេលផ្ទុះជំងឺរាតត្បាត។

ការសិក្សាបានបង្ហាញថា មានតែកុមារចំនួន ៧៤ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារដូសទីពីររបស់ពួកគេក្នុងឆ្នាំ ២០២៣។ យោងតាមការប៉ាន់ប្រមាណថា ជំងឺកញ្ជ្រឹលបានសម្លាប់មនុស្សចំនួន ១០៧,៥០០នាក់នៅឆ្នាំ ២០២៣ ដែលភាគច្រើននៃពួកគេមានអាយុក្រោម ៥ឆ្នាំ។ តួលេខនេះធ្លាក់ចុះ ៨ភាគរយ ធៀបនឹងឆ្នាំមុន។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលបានជួយសង្គ្រោះជីវិតមនុស្ស ច្រើនជាងវ៉ាក់សាំងដទៃទៀតក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីសង្គ្រោះជីវិតកាន់តែច្រើន និងបញ្ឈប់មេរោគដ៏សាហាវនេះពីការបង្កគ្រោះថ្នាក់ដល់ជនងាយរងគ្រោះបំផុតនោះ យើងត្រូវវិនិយោគបន្ថែមលើការចាក់វ៉ាក់សាំងសម្រាប់មនុស្សគ្រប់រូប មិនថាពួកគេរស់នៅទីណានោះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner