សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់សមាជិក IDC-CDI រួមគ្នារក្សាសន្តិភាពពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សមាជិកនៃគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) រួមគ្នារក្សាសន្តិភាពពិភពលោក។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយសក្នុងនាមជាម្ចាស់ផ្ទះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅខេត្តសៀមរាបប្រទេសកម្ពុជា។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងសន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសន្តិភាពការផ្សះផ្សារជាតិនិងការអភិវឌ្ឍន៍នៅកម្ពុជា។

សម្តេចធិបតី ក៏បានជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC ដែលដឹកនាំដោយ ឯកឧត្តម Andrés Pastrana ប្រធាន CDI-IDC អញ្ជើញចូលរួមកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) ។

បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖
១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។

២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ចូល រួមថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាការចូលរួមថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និង ថ្នាក់ដឹកនាំកំពូលរបស់ CDI។

គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្ស នយោបាយចំនួន ៤។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយ វេទិកាយុវជន CDI ក៏នឹងរៀបចំវេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី»។

បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ចំនួន ៣ អាណត្តិមកហើយ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner