មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ថា ការហ្វឹកហ្វឺន គឺជាការងារចាំបាច់ និងមិនអាចខ្វះបានក្នុងកិច្ចការ ការពារជាតិ និងសន្តិសុខ

(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញអង្គរក្សពិសេស ជំនាន់ទី៣០ បើកវគ្គបន្ត ជំនាន់ទី៣១ និងសម្ពោធអគារទីចាត់ការសាលាកម្ពស់ ២ជាន់ និងសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន​ស្រាវ​ជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានចាត់​ទុកការហ្វឹកហ្វឺន គឺជាការងារចាំបាច់ និងមិនអាចខ្វះបាន ក្នុងកិច្ចការ ការពារជាតិ និងសន្តិសុខ ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌល​ហ្វឹកហ្វឺន (ភ្នំស្រង់) គិតមកដល់បច្ចុប្បន្ន មានអគារសរុប ៦១ខ្នង បណ្ណាល័យ ១, ស្ថានីយ៍ប្រេងឥន្ធនៈ ១, ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់​បាញ់អាវុធរយៈចម្ងាយឆ្ងាយ ១កន្លែង, ឧបសគ្គសម្រាប់ពង្រឹងកាយសម្បទា ២៥​ឧបសគ្គ ,អណ្តូងទឹក ស៊ីទែនទឹក ២១កន្លែង អគារមន្ទីរពេទ្យ ផ្លូវចាក់កៅស៊ូ, អគារទីចាត់ការសាលាថ្មី ១ខ្នង កម្ពស់ពីរជាន់ និងអគារស្លាបសងខាង ដែល​សម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ដោយចំណាយអស់ទឹក​ប្រាក់​ប្រមាណ​ជាង ២លានដុល្លា សហរដ្ឋអាមរិក ។

យោងតាមរបាយការណ៍បិទវគ្គរបស់ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជា​ការ​រង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋាន​អង្គរក្ស បានទទួលហ្វឹកហ្វឺនក្នុងពេលតែមួយរួមមាន៖ វគ្គជំនាញអង្គរក្សពិសេស និងយុទ្ធវិធីថ្មើរជើង ជំនាន់ទី៣០, វគ្គបណ្តុះបណ្តាលនាយទាហានបឋម ជំនាន់​ទី៥ ឆ្នាំទី១, វគ្គបំប៉នបញ្ជាការសេនាធិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី១០ ។

ដោយឡែក វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ អង្គរក្សពិសេស ជំនាន់ទី៣០ មានសិក្ខាកាមចំនួន ៥០៨នាក់, យោធាចារ្យចំនួន ៣៤នាក់ និងគណៈគ្រប់គ្រង ចំនួន ៣៥នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ៦ខែ ដោយផ្តោតទៅលើខ្លឹមសារ​រមវៀនធំៗចំនួន៩ ក្នុងនោះ លំហាត់របៀប, កាយសិក្សា និងកីឡា, អប់រំចិត្ត​សាស្ត្រ,ភស្តុភារ ហិរញ្ញវត្ថុ, ច្បាប់ទូទៅ និងសិទ្ធមនុស្ស, សព្វាវុធ និងការបាញ់, សុខាភិបាល, យុទ្ធវិធីរថ្មើរជើង និង ជំនាញអង្គរក្ស។ ជាលទ្ធផល ទទួលបាន​និទ្ទេសល្អ ១៥៩នាក់, ល្អបង្គួរ ២៧១នាក់ និងនិទ្ទេសមធ្យម ៧៨នាក់ ។

នៅក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ានិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះការរីកចំរើន កងយោធពលខេមរភូមិន្ទ ជាពិសេស នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់លើថ្នាក់ដឹកនាំ និងយកអស់កម្លាំងកាយចិត្ត ដើម្បីក្រេបជញ្ជក់នូវរាល់ ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់ សំដៅលើការងារ ការពារសន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាព សន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយឯកឧត្តម បានចាត់ទុកកងអង្គរក្ស បានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាព សន្តិសុខថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួន ជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណីធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះ​លោកឪពុក​​អ្នកម្តាយ និងក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលបានលះបង់​ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធ ជាទីស្រលាញ់ ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម បន្ថែមថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាពជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍ របស់សម្តេចតេជោ និងអនុសាសន៍របស់សម្តេចធិបតី ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការ លាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារ គ្រឿងបំពាក់ហ្វឹកហ្វឺន ត្រៀមលក្ខណ: នូវសម្ភារៈឧបករណ៍ ដើម្បីដោះស្រាយគ្រប់ឧបទ្ទវហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ចំនួន ៣តោន និងថវិកាចំនួន ១៥០លានរៀល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner