ភូមិបន្លែវៀតណាម Tra Que ជាប់ជាភូមិទេសចរណ៍ល្អបំផុត ក្នុងពិភពលោក

ហាណូយ៖ ភូមិបន្លែ Tra Que ស្ថិតនៅទីក្រុង Hội An ប្រទេសវៀតណាម ត្រូវបានផ្តល់ពានរង្វាន់ ជា «ភូមិទេសចរណ៍ល្អបំផុត នៅលើពិភពលោកឆ្នាំ ២០២៤» ផ្តល់ដោយអង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ UNWTO នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Seasia.co កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារ Vietnamnet បានចេញផ្សាយថា ភូមិដែលមានអាយុកាល រាប់សតវត្សនេះ មានទីតាំងនៅជិតសមុទ្រ និងសម្បូរដោយដីមានជីជាតិ ល្បីល្បាញខាងកសិកម្មបន្លែសរីរាង្គ លើផ្ទៃដី ១៨ ហិកតា
ដែលទ្រទ្រង់គ្រួសារចំនួន ២០២គ្រួសារ និងផ្តល់ការងារដល់មនុស្សជាង ៣០០នាក់។

ភូមិនេះត្រូវបានទទួលស្គាល់ សម្រាប់ការអភិរក្សប្រពៃណីវប្បធម៌ ជីវចម្រុះ ហើយត្រូវបានត្រូវបានទទួលស្គាល់ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងយុត្តិធម៌សង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

ពានរង្វាន់នេះនឹងត្រូវបានបង្ហាញជាផ្លូវការ នៅក្នុង “សន្និសីទទេសចរណ៍ជនបទអន្តរជាតិ” នាពេលខាងមុខ ដែលបង្ហាញពីការបោះជំហានរបស់វៀតណាម ក្នុងវិស័យទេសចរណ៍បៃតង និងការអភិរក្សវប្បធម៌។

Vietnamnet បន្តថា ភូមិបន្លែ Tra Que បានក្លាយជាទិសដៅដ៏ពេញនិយមបំផុតមួយ សម្រាប់ភ្ញៀវទេសចរ ដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ ដោយភ្ញៀវទេសចរ អាចចូលរួមក្នុងសកម្មភាពផ្សេងៗ រួមមាន ៖ ធ្វើស្រែចំការ និងថែសួន, ដំណើរកម្សាន្តដើរ និងជិះកង់ដើម្បីស្វែងយល់ពីទេសភាព និងជីវិតរស់នៅតាមភូមិ ព្រមទាំង រៀបចំ និងរីករាយជាមួយមុខម្ហូប ចម្អិនពីបន្លែដែលមានក្លិនក្រអូប ជាង ៤០ ប្រភេទ។ គំរូទេសចរណ៍បែបជនបទនេះ ទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើន ជាពិសេស មកពីអឺរ៉ុប និងអាមេរិកខាងជើង រួមទាំងភ្ញៀវទេសចរមកពីប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងកាណាដា នេះបើតាម Vietnamnet ដដែល៕

ប្រភព៖ Seasia.co , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner