សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ជាប្រទេសតូច តែមានមហិច្ឆតាក្នុងការបង្កើត និងរស់នៅក្នុងសន្តិភាព ដើម្បីរីកចម្រើនជារដ្ឋអធិបតេយ្យ
(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាអនុប្រធាន IDC-CDI គណបក្សប្រជាជនកម្ពុជា បានចូលរួមចំណែក ប្រកបដោយមោទកភាព ចំពោះការអភិវឌ្ឍ និងការពង្រឹងប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយនៅក្នុងតំបន់ ។
សម្ដេចបវរធិបតី បានបន្ថែមថា យើងបានចូលរួម យ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមនយោបាយក្នុងតំបន់ និងពិភពលោកផ្សេងៗ ដោយប្រើបទពិសោធន៍ផ្ទាល់ខ្លួន របស់យើង ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច មហិច្ឆតារបស់កម្ពុជា មិនមែនជាកម្លាំងយោធាទេ ប៉ុន្តែគឺក្នុងការបង្កើតសន្តិភាព។ យ៉ាងណាមិញ កម្ពុជា គ្រាន់តែស្វែងរកការរស់នៅក្នុងសន្តិភាព ដើម្បីរីកចម្រើន ជារដ្ឋអធិបតេយ្យ ជាមួយនឹងបូរណភាពទឹកដីរបស់ខ្លួន ។
សម្តេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា រួមជាមួយ IDC-CDI ពិតជាមានមោទនភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព ស្របតាមគុណតម្លៃ និងគោលការណ៍ប្រជាធិបតេយ្យ ស្នូលរបស់ IDC-CDI ។
ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) រួមគ្នារក្សាសន្តិភាពពិភពលោក ។
ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានបន្តថា ក្នុងនាម គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសន្តិភាព ការផ្សះផ្សារជាតិ និងការអភិវឌ្ឍនៅកម្ពុជា ។
សូមជម្រាបថា នៅមុនថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ IDC-CDI សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC ដែលដឹកនាំដោយ ឯកឧត្តម Andrés Pastrana ប្រធាន CDI-IDC អញ្ជើញចូលរួមកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) ។
បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖ ១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។ ២) ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួម ពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះ មានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន ។
បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី ៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជា បានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោត ជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់ អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ចំនួន ៣ អាណត្តិមកហើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ