Zelensky ៖ សង្រ្គាមចប់កាន់តែលឿន ពេល Trump ចូលកាន់តំណែងប្រធានាធិបតី
បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា លោកប្រាកដណាស់ថា សង្រ្គាមជាមួយរុស្ស៊ី នឹង «បញ្ចប់ឆាប់ៗ» ពេលដែលលោក Donald Trump ចូលកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការ។
លោក Zelensky បាននិយាយថា លោកមានការផ្លាស់ប្តូរយោបល់ ក្នុងន័យស្ថាបនា ជាច្រើន ជាមួយ Trump ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ពោលគឺបន្ទាប់ពីជ័យជំនះ របស់ Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក។
យ៉ាងណាមិញ លោក Zelensky មិនបាននិយាយថា តើលោក Trump បានធ្វើការទាមទារណាមួយ ទាក់ទងនឹងកិច្ចចរចា ដែលអាចធ្វើទៅបាន ជាមួយរុស្ស៊ី ទេ ក៏ប៉ុន្តែ បាននិយាយថា លោកមិនបានឮអ្វី ពីលោក Trump ដែលផ្ទុយនឹងជំហររបស់អ៊ុយក្រែន នោះទេ។
លោក Trump តែងតែនិយាយថា អាទិភាពរបស់លោក គឺការបញ្ចប់សង្រ្គាម ដែលចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាអ្វី ដែលលោកពណ៌នាថា ជាការបង្ហូរលើធនធានរបស់សហរដ្ឋអាមេរិក ទៅក្នុងទម្រង់ជាជំនួយយោធា ដល់ទីក្រុង Kyiv ។ កាលពីដើមឆ្នាំនេះ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តកញ្ចប់ជំនួយយោធា ចំនួន៦១ពាន់លានដុល្លារអាមេរិក
បន្ថែមទៀត ធ្វើឲ្យអាមេរិកក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុត ដល់អ៊ុយក្រែន។
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត អតីតប្រធានាធិបតីរូបនេះ បានសន្យាថា នឹងបញ្ចប់សង្រ្គាម ចាយពេលត្រឹមតែ១ថ្ងៃ ប៉ុន្តែ មិនទាន់បានបកស្រាយ លម្អិត អំពីរបៀបយ៉ាងណា នោះទេ។ លោក Trump ថា «វាប្រាកដណាស់ សង្រ្គាមនឹងបញ្ចប់ឆាប់ៗ ជាមួយនឹងគោលនយោបាយថ្មី ដែលនឹងដឹកនាំសេតវិមាន។ លោក Trump ធ្លាប់បង្ហើបថា ចង់ចប់សង្គ្រាម លុះត្រា កាត់ទឹកដីដែលបាត់បង់ ឲ្យទៅរុស្ស៊ី។
លោក Zelensky បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Suspilne ថា
អ៊ុយក្រែន ត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យសង្រ្គាមនេះបញ្ចប់ នៅឆ្នាំក្រោយ តាមរយៈមធ្យោបាយការទូត។ ប៉ុន្តែ លោក Zelensky បានបដិសេធ ជាបន្តបន្ទាប់ ក្នុងការប្រគល់ទឹកដីណាមួយ របស់អ៊ុយក្រែន រួមទាំង Crimea ដែលរុស្ស៊ីបានកាន់កាប់តាំងពីឆ្នាំ ២០១៤។
នៅពេលដែលអ្នកទាំងពីរបានជួបគ្នា នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា លោក Trump បាននិយាយថា លោកបានរៀនច្រើន ពីជំនួបជាមួយលោក Zelensky ហើយបាននិយាយថា លោកនឹងធ្វើឱ្យសង្រ្គាម «ត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័ស» ។
យ៉ាងណាមិញ គូប្រជែងប្រជាធិបតេយ្យ របស់លោក Trump បានចោទប្រកាន់ Trump ថា បានជិតស្និទ្ធិ ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយនិយាយថា វិធីសាស្រ្តរបស់លោក ចំពោះសង្រ្គាម គឺស្មើនឹងការចុះចាញ់ សម្រាប់អ៊ុយក្រែន ដែលនឹងបង្កគ្រោះថ្នាក់ ដល់អឺរ៉ុបទាំងអស់៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត