កម្ពុជា-អង់គ្លេសប្រារព្ធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា”

ភ្នំពេញ៖ប្រទេសកម្ពុជា និងប្រទេសអង់គ្លេស បានរួមគ្នា​ប្រារព្ធ​បើក“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឯកឧត្តម ​ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជ​ទូតអង់គ្លេសប្រចាំកម្ពុជាព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកជំទាវ​ប្រធាន​បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិ​ជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីបើកលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាញ​សហគ្រិន​ស្ត្រី​កម្ពុជា (CamWEN) នូវកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំឡើង​នូវព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលត្រូវបានរៀបចំឡើង​ក្នុងគោលបំណង​ជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែក​ជើង​ទៅកាន់ចក្រភពអង់គ្លេស ។លោកជំទាវ​បន្តថា តាមរយៈ​ព្រឹត្តិការណ៍​នេះមិនត្រឹមតែតាមរយៈ​ការតាំង​បង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនង​ជាមួយនឹងអ្នក​បញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។

ចំណែកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកានេះដែរបានបង្ហាញថា ឯកអគ្គរាជទូត​អង់គ្លេស Dominic Williams បានស្វាគមន៍ធុរកិច្ចអង់គ្លេសចំនួន ១០ ក្រុមហ៊ុន មកកាន់ប្រទេសកម្ពុជា ខណៈដែលពួកគេចូលរួម​ក្នុង​បេសកកម្ម​ពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស-អាស៊ាន ដែលផ្តល់​មូលនិធិដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងរៀបចំដោយ SheTrades Initiative របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

កម្មវិធី SheTrades របស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានគាំទ្រ​សហគ្រិនស្ត្រីឱ្យចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ រួមចំណែកដល់​កំណើន​​សេដ្ឋកិច្ច និងការបង្កើតការងារ។ឯកអគ្គរាជទូតអង់គ្លេសបានបន្ថែមថា “យើងមានមោទកភាពក្នុងការ​គាំទ្រអាជីវកម្មដែល​ដឹកនាំ​ដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា និងពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ យើងរួមគ្នាបង្កើតឱកាសរីកចម្រើន​នៅ​ក្នុងប្រទេសទាំងពីរ និងសម្រាប់ស្ត្រីកម្ពុជា ដើម្បីបំពេញសក្តា​នុពលរបស់ពួកគេ”។

ក្នុងព្រឹត្តិការណ៍“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា”នេះដែរលោកជំទាវរដ្ឋមន្ត្រីបានរំលឹកដល់​ទំនាក់ទំនងយ៉ាងជិតស្និទ្ធលើ​គ្រប់​វិស័យរវាង​កម្ពុជានិងអង់គ្លេស។ លោកជំទាវបានហៅទំនាក់ទំនងនេះជាមិត្តភាព​ដ៏រឹងមាំ​ដែល​ត្រូវបានថែរក្សាតាមរយៈកិច្ច​សហ​ប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីសប្ដាហ៍​មុន​ក្រសួងពាណិជ្ជកម្ម និងស្ថានទូត​អង់គ្លេសប្រចាំកម្ពុជា បានរៀបចំ​វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភព​អង់គ្លេស ជាលើកទី២ នៅរាជធានី​ភ្នំពេញ ក្នុងគោលបំណង និងការប្តេជ្ញាចិត្តរួម​គ្នា​ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នា​ដោះស្រាយបញ្ហា​ប្រឈម​ដែល​កំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យ​ប្រសើរឡើងនូវ​បរិយា​កាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner