បំណុលជាតិអាមេរិកហក់ឡើងលើស ៣៦ ពាន់ពាន់លានដុល្លារមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

វ៉ាស៊ីនតោន ៖ នាឡិកាបំណុលអាមេរិក ដែលជាគេហទំព័រតាមដានស្ថានភាពហិរញ្ញវត្ថុក្នុងស្រុក បានរាយការណ៍ថ្មីៗនេះថា បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងលើស ៣៦ពាន់ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។

តួលេខនេះ បានស្ទុះឡើងជិត ៦% គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ពោលគឺកើនឡើងដល់ទៅ ១ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៤ខែប៉ុណ្ណោះ។ កាលពីចុងខែកក្កដា ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសឱ្យដឹងផងដែរថា បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីចំនួន ៣៥ ពាន់ពាន់លានដុល្លារហើយ។

អត្រានៃការប្រមូលផ្តុំហាក់ដូចជាកំពុងកើនឡើងព្រោះវាមានចំនួន 34 ពាន់ពាន់លានដុល្លារនៅដើមខែមករា ហើយបន្ទាប់មកបានកើនឡើងចំនួន 1 ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាងប្រាំមួយខែ។ រតនាគារសហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់ជាផ្លូវការនូវទិន្នន័យថ្មីនេះនៅឡើយទេ។

កាលពីខែសីហា ការិយាល័យថវិកាសភាបាននិយាយនៅក្នុងរបាយការណ៍មួយថា ខ្លួនរំពឹងថា បំណុលជាតិនឹងឈានដល់កម្រិតកំណត់ត្រា ហក់ឡើងលើសពី ១០៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៧ ហើយទីបំផុតនឹងស្ទុះឡើងដល់ទៅ ១២២% នៅឆ្នាំ ២០៣៤។

ទន្ទឹមនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ (IMF) បានគូររូបភាពកាន់តែអាក្រក់នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអាមេរិកនៅក្នុងខែកក្កដា។ IMF បានបញ្ជាក់នៅពេលនោះថា ស្ថិតក្រោមគោលនយោបាយបច្ចុប្បន្ន បំណុលរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានរំពឹងថា នឹងកើនឡើងជាលំដាប់ ពោលគឺនឹងហក់ឡើងលើសពី ១៤០% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៣២។

IMF ក៏បានព្រមានកាលពីខែកក្កដាផងដែរថា ឱនភាពសារពើពន្ធខ្ពស់ និងការកើនឡើងជាបន្តបន្ទាប់ នៃសមាមាត្របំណុលសាធារណៈរបស់សហរដ្ឋអាមេរិក ចំពោះផលិតផលក្នុងស្រុកសរុប នឹងបង្កឱ្យមានហានិភ័យ មិនត្រឹមតែសម្រាប់អាមេរិកប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចពិភពលោកផងដែរ ហើយ IMF ថែមទាំងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការកែសម្រួលសារពើពន្ធនាពេលខាងមុខនេះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner