ផ្សែងអ័ព្ទពុលបង្ខំឥណ្ឌាបិទសាលារៀន
ញូវដែលី៖ ឆ្លើយតបនឹងបញ្ហាផ្សែងអ័ព្ទពុល ដែលកាន់តែអាក្រក់ទៅៗនោះ រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា បានបង្ខំចិត្តបិទសាលារៀនទាំងអស់ ហើយប្តូរទៅរៀនអនឡាញវិញ គិតចាប់ពីថ្ងៃចន្ទ រហូតដល់មានការជូនដំណឹងថ្មី។
សាលាបឋមសិក្សាត្រូវបានបញ្ជារួចហើយឱ្យបញ្ឈប់ថ្នាក់រៀនផ្ទាល់ ខណៈដែលរដ្ឋាភិបាលបានជំរុញកុមារ និងមនុស្សចាស់ ក៏ដូចជាអ្នកដែលមានបញ្ហាសួត ឬបេះដូងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញដោយអាជ្ញាធរទីក្រុង ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការចុះខ្សោយបន្ថែមទៀត នៃគុណភាពខ្យល់។
កម្រិតនៃការបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីកដ៏គ្រោះថ្នាក់ ដែលចូលទៅក្នុងចរន្តឈាមតាមរយៈសួត ត្រូវបានកត់ត្រានៅ ៥៧ ដង លើសពីកម្រិតអតិបរមាប្រចាំថ្ងៃរបស់អង្គការសុខភាពពិភពលោក (WHO)។
រដ្ឋធានីញូវដែលី និងតំបន់ជុំវិញ ដែលមានប្រជាជនជាង ៣០លាននាក់ ជាប់ចំណាត់ថ្នាក់កំពូលពិភពលោក សម្រាប់ការបំពុលខ្យល់ក្នុងរដូវរងា។
ជាក់ស្តែង ទីក្រុងនេះបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ភាគច្រើនស្តីបន្ទោសលើការដុតកម្ទេចចោលដោយកសិករក្នុងតំបន់ជិតខាង ដើម្បីបោសសម្អាតវាលស្រែរបស់ប្រជាពលរដ្ឋសម្រាប់ការភ្ជួររាស់ ក៏ដូចជារោងចក្រ និងផ្សែងពីចរាចរ៕
ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា