គ្រាប់រ៉ុក្កែតបាញ់ពីលីបង់ វាយប្រហារតំបន់កណ្តាលអ៊ីស្រាអែល
បរទេស ៖ ក្រុមអ្នកឆ្លើយតបដំបូង បាននិយាយថា មនុស្ស៥នាក់បានរងរបួស កាលពីថ្ងៃច័ន្ទ នៅតំបន់ជាយក្រុង នៃរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែល គឺទីក្រុង Tel Aviv រួមទាំងស្ត្រីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានការបាញ់គ្រាប់រ៉ុក្កែត លើតំបន់កណ្តាល ប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបាន «ស្ទាក់ចាប់កាំជ្រួចមួយគ្រាប់» ដែលឆ្លងកាត់ពីប្រទេសលីបង់ ខណៈដែលប៉ូលីសអ៊ីស្រាអែលបាននិយាយថា ពួកគេបានទទួលរបាយការណ៍អំពី កំទេចកំទី គ្រាប់រ៉ុក្កែតដែលបានធ្លាក់ នៅក្នុងតំបន់ Tel Aviv ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ ខ្លួនបាននិយាយថា ការពិនិត្យឡើងវិញលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល បានបង្ហាញថា មីស៊ីលស្ទាក់ចាប់របស់អ៊ីស្រាអែល បានវាយប្រហារ បាញ់ចេញពីប្រទេសលីបង់ ក្នុងរយៈកម្ពស់ខ្ពស់។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត បានសម្លាប់ស្ត្រីម្នាក់ នៅក្នុងទីក្រុង Shfaram ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល។ យោធាបាននិយាយថា ចលនាប្រដាប់អាវុធលីបង់ Hezbollah ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ បានបាញ់កាំជ្រួចប្រហែល១០០គ្រាប់ ចេញពីប្រទេសលីបង់ឆ្ពោះ ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ខណៈដែលកងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏សាហាវបន្ថែមទៀត ទៅលើទីក្រុង Beirut ។
ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា មក អ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើគោលដៅ នៅក្នុងប្រទេសលីបង់ ហើយក៏បានបញ្ជូនទាហាន ចូលលុកលុយ តាមផ្លូវគោក។ ជម្លោះកាន់តែតានតឹងកើតឡើង ក្រោយរយៈពេលជិតមួយឆ្នាំនៃការបាញ់ផ្លោងដាក់គ្នា ឆ្លងព្រំដែន ដែលផ្តើមឡើងដោយក្រុមសកម្មប្រយុទ្ធ Hezbollah ដើម្បីជាការគាំទ្រដល់ក្រុមហាម៉ាស នៅហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត