លោក Macron ៖ G20 គ្មានបានដោះស្រាយបញ្ហាប្រឈមថ្មីៗ រួមទាំងសង្គ្រាម
បរទេស៖ ប្រធានាធិបតីបារាំង លោក Macron បានចោទប្រកាន់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ថា មិនបានដោះស្រាយបញ្ហាប្រឈមថ្មីៗ និងធ្វើឱ្យពិភពលោកមានសុវត្ថិភាព ជាងមុន នោះទេ។ លោកបាននិយាយថា G20 គឺជាវេទិកាមួយ «មិនដំណើរការ» ហើយ បង្កើតសេចក្តីថ្លែងការណ៍ដែល «គ្មាននរណាម្នាក់អាន»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ ក្នុងអំឡុងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថា «យើងមិនបានបង្ហាញសមត្ថភាពរបស់យើង ក្នុងការទប់ស្កាត់ ឬ ដោះស្រាយជម្លោះ នោះទេ។ នៅពេលដែលយើងនិយាយពីការមានជម្លោះ ចំនួន៥៧ នៅជុំវិញពិភពលោក»។
លោក Macron បានបន្ថែមថា «ប្រសិទ្ធភាពរបស់យើងមិនគ្រប់គ្រាន់ទេ ហើយការតំណាងរបស់យើង ក៏ខ្វះខាតដែរ»។ លោក Macron ស្នើឲ្យមាន «ក្រុមការងារ Rio-Johannesburg កម្រិតខ្ពស់» ក្នុងទិដ្ឋភាព នៃកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៥ នៅប្រទេសអាហ្វ្រិកខាងត្បូង។
លោក Macron ក៏បានព្រមានប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មពិភពលោក និងនៅពីក្រោយ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយបានអំពាវនាវ ដល់មេដឹកនាំប្រទេសផ្សេងទៀត ឱ្យជួយគាំទ្រវឌ្ឍនភាព ដែលបានកើតឡើង។ លោកបានមានប្រសាសន៍ថា «យើងបានធ្វើការរីកចម្រើន ចាប់តាំងពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ប៉ុន្តែ ទាំងអស់នេះ មានភាពផុយស្រួយ ហើយអាចត្រូវបានចោទសួរ នៅពេលណាមួយ ដោយប្រជាជាតិណា ដែលមិនគោរពលក្ខខណ្ឌ ឬ ធ្វើការចាកចេញ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត