រដ្ឋសភាកំណត់យកថ្ងៃស្អែក បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេស
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្អែកនេះ ដោយមានរបៀបវារៈចំនួនបួន ក្នុងនោះរបៀបវារៈទី១គឺការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ក្នុងរបៀបវារៈនេះឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១នៃព្រឹទ្ធសភានឹងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាបានឱ្យដឹងថា នៅព្រឹកថ្ងៃពុធទី២០ ខែវិច្ឆិការដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរបៀបវារៈចំនួនបួន ។របៀបវារៈទី១ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ គឺទី១.ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១នៃព្រឹទ្ធសភានឹងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី២.ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។
របៀបវារៈទី២.ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
របៀបវារៈទី៣.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣និងទី៤.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
សេចក្តីជូនដំណឹងនេះបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាបានសម្រេច៕
ដោយ៖ពលជ័យ