រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា លើវិស័យស្រូវអង្ករ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។
ចំពោះកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំបញ្ចូនពូជស្រូវអាយុខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន២ពូជ ដែលមានពូជស្រូវ កង្រី និងពូជស្រូវស្រង៉ែថ្មី ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួល ឆាប់រហ័ស៕
ប្រភព ៖ ក្រសួងកសិកម្ម