ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី គឺជាកិច្ចការដ៏ធំ ដោយត្រូវគិតគូរអំពីខឿនសេដ្ឋកិច្ច ប៉ូលនិងរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពល នៃតំបន់នីមួយៗ
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការរៀបចំដែនដីគឺជាកិច្ចការដ៏ធំ ដោយត្រូវគិតគូរអំពីខឿនសេដ្ឋកិច្ច ប៉ូលនិងរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ក្នុងគោលដៅតែមួយគឺលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតនិងជំរុញដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវរួមគ្នាគិត រួមគ្នាអនុវត្តការងារ និងរិះរកវិធីសាស្ត្រធ្វើយ៉ាងណាកសាងកម្ពុជាមាតុភូមិខ្ញុំ ដែលមិនត្រឹមតែជាពាក្យនិយាយ ប៉ុន្តែគឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបមើលឃើញថាខ្លួនមានមោទនភាព ដែលបានរស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ក្រោមម្លប់សុខសន្តិភាពដែលជាមរតកបន្សល់ទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ដោយសមិទ្ធផលសន្តិភាពនេះគឺជាអង្គរទី២ បន្ទាប់ពីប្រាសាទអង្គរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ។
ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារបន្ទាប់របស់ខ្លួន គឺផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ច ។ ការកំណត់ទិសដៅនេះ នឹងធ្វើឡើងក្រោយពេលក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហាបឹងទន្លេសាប បញ្ហាតំបន់រមណីយដ្ឋានសៀមរាប-អង្គរ និងបញ្ហាចម្រូងចម្រាស់តាមបុរី ៕
ដោយ / គ្រី សម្បត្តិ