លោក Biden អត់បានថតរូបជុំគ្នានៃក្រុមមេដឹកនាំ G20
បរទេស៖ លោក Biden ប្រធានាធិបតីអាមេរិក ដែលផុតអាណត្តិ រៀបនឹងចាកចេញពីសេតវិមាននោះ បានខកខាន មិនបានថតរូបជុំគ្នា ជាមួយមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 កាលពីថ្ងៃចន្ទ ក្នុងប្រទេសប្រេស៊ីល។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Rio de Janeiro ថា «ដោយសារតែបញ្ហា ផ្នែកដឹកជញ្ជូន ពួកគេបានថតរូប មុននឹងមេដឹកនាំទាំងអស់ មកដល់» ។
រូបភាពរបស់មេដឹកនាំពិភពលោកនេះ បានធ្វើឡើង បន្ទាប់ពីសម័យប្រជុំ ស្តីពីភាពអត់ឃ្លាន និងភាពក្រីក្រ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយថ្មី ចំនួន៤ពាន់លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោក Biden កំពុងចូលរួមកិច្ចប្រជុំកំពូល G20 ជាវេទិកាអន្តរជាតិចុងក្រោយ របស់លោក ក្នុងនាមជាប្រធានាធិបតី នៅសប្តាហ៍នេះ មុននឹងបញ្ចប់អាណត្តិ។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានខកខានការថតរូប ផងដែរ ។ សេតវិមានបាននិយាយថា រូបថតនេះ ត្រូវបានថតលឿន ជាងការគ្រោងទុក។ នៅឯកិច្ចប្រជុំកំពូលនោះ អ្នកថតរូប បានថតរូបភាព របស់លោក Biden នៅជួរចុងក្រោយ នៅជិតគែមឆ្ងាយ នៃរូបភាព៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត