ស្រូវនាងអុំ ខេត្តសៀមរាប ឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់
(ភ្នំពេញ)៖នៅរដូវប្រមូលផលស្រូវឆ្នាំនេះ ស្រូវប្រភេទ«នាងអំ»របស់ប្រជាកសិករនៅក្នុងភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ខេត្ត សៀមរាប ទទួលបានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់។
តាមរយៈទំព័រហ្វេសប៊ុក លោក គង់ គា ប្រធាន នាយកដ្ឋាន ដំណាំស្រូវ នៃ អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ប្រជាកសិករដែលបានធ្វើស្រូវប្រភេទនាងអុំនៅស្រុកស្វាយលើខេត្តសៀមរាបនាឆ្នាំនេះ ទទួលបានទិន្នផលប្រមាណជា៣តោនក្នុងមួយហិកតា។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះតម្លៃស្រូវ«នាងអំ» ប្រភេទសើម បច្ចុប្បន្នលក់ក្នុងតម្លៃពី៩០០ ទៅ ៩៥០រៀល រីឯប្រភេទស្ងួតវិញ លក់ក្នុងតម្លៃពី១ ០០០ ទៅ ១ ១០០ រៀល។
គួរបញ្ជាក់ថា«ស្រូវនាងអំ» គឺជាពូជស្រូវប្រពៃណី ដាំដុះជាស្រូវចម្ការ មានភាពធន់ទ្រាំនឹងភាពរាំងស្ងួត និងមានសក្តានុពលទិន្នផលរហូតដល់ ៤-៤,៥តោនក្នុងមួយហិកតា។ចំពោះប្រភពដើមនៃពូជស្រូវនេះ គឺបានពីលោកយាយម្នាក់ឈ្មោះ អំ នៅអំឡុងទសវត្សរ៍ទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា៕







ដោយ ៖ ម៉ាដេប៉ូ