ការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរលើកទី៥នៅសៀមរាប ដោយយកតាមរូបមន្តស៊ីហ្គេម
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរលើកទី៥ ដែលនិងធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ មានប្រទេសចូលរួមចំនួន២៤ប្រទេស ធ្វើការប្រកួតដោយយកតាមលំនាំស៊ីហ្គេម។ ទន្ទឹមនឹងនេះ ក៏មានការប្រកួតលក្ខណៈអាជីព ដែលមានកីឡាករល្បីៗចូលរួមមាន ដូចជា ព្រំ សំណាង .មឿន សុខហ៊ុច ម្ចាស់ជើងឯកឆ្នាំចាស់ គោរមៈ ច័ន្ទរាជនិងកីឡាករ រិទ្ធី រ៉ុងរឿង ជាដើម ។
ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ទៀតថា ក្រៅពីកីឡាករអាជីព និងពាក់កណ្តាលអាជីព ក៏មានកុមារាចាប់ពីអាយុ ១០ ដល់ ១៣ឆ្នាំ ដែលមានឥណ្ឌាប៉ះកីឡាករខ្មែរ។ កុមារាអាយុ ១៤ ដល់ ១៧ឆ្នាំ មកពីបណ្ដាប្រទេសផ្សេងៗផងដែរ ។សម្រាប់ការដាក់ប្រភេទអាយុក្មេងៗទាំងអស់នេះចូលយើងមានគោលដៅពង្រឹងសមត្ថភាពពួកគាត់ ដោយគ្រោងដាក់បញ្ចូលវិញ្ញាសាគុនខ្មែរអន្តរជាតិចូលរួមនៅក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏ជាការសម្រួចមួយក្នុងទិសដៅឆ្ពោះទៅអូឡាំពិកហ្គេមឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលីផងដែរ។
ឯកឧត្តម បន្ថែមទៀតថា សម្រាប់ការរៀបចំជើងឯកគុនខ្មែរពិភពលោកនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ មានគោលបំណងកៀគរប្រទេសនៅលើពិភពចូលរួមជាសមាជិកឱ្យបាន ១០០ប្រទេសនៅថ្ងៃអនាគត ខណៈបច្ចុប្បន្ននេះ សហព័ន្ធគុនខ្មែរអន្តរជាតិបានកៀគរប្រទេសជាសមាជិកបានជា៦០ប្រទេសទៅហើយ ។ ដើម្បីសម្រេចបានទិសដៅនេះ សហព័ន្ធ នឹងមានការរៀបចំការប្រកួតតាមទ្វីប ដោយមានការចូលរួមពីកម្ពុជាដែរ។ ក្នុងនោះ សហព័ន្ធគ្រោងទៅបារាំង អាហ្វិ្រក អូស្ត្រាលី កូរ៉េខាងត្បូង ហើយបកមកអាស៊ីវិញ រួចបន្តទៅកាណាដា រៀបចំការប្រកួតជើងឯកទ្វីបអាមេរិក។ ចាប់ពីខែមេសា ឆ្នាំ២០២៥ទៅ នឹងមានការរៀបចំ២ខែម្ដងទៅតាមទ្វីបនីមួយៗ។
សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកកីឡាគុនខ្មែរលើកទី៥ ព្រះរាជដំណាក់ខេត្តសៀមរាប ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមមានដូចជា កៀរហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារាំង អាមេរិក ជាដើម។ សរុប មាន២៤ប្រទេស កីឡាករ កីឡាការិនី១១៨នាក់។ ក្នុងនោះ បារាំងមានកីឡាករកីឡាការិនីច្រើនជាងគេ គឺ១៧នាក់៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ