ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម នឹងកាន់តែស្អិតរមួត ស្របនឹងដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាម
(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចជាមិត្តភាពរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា។
តាមគម្រោង អំឡុងពេលទស្សនកិច្ច ឯកឧត្តម ត្រាន់ ថាញមេន (Trần Thanh Mẫn) និងគណៈប្រតិភូ នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មក ប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ហើយធ្វើឡើងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាព ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។
លើសពីនេះ ឯកឧត្តម ត្រាន់ ថាញមេន (Trần Thanh Mẫn)និងគណៈប្រតិភូគ្រោង នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គណៈប្រតិភូរដ្ឋសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ឯកឧត្តម ត្រាន់ ថាញមេន (Trần Thanh Mẫn)នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៃគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នាពេលខាងមុខនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ជាពិសេស កម្រិត នៃកិច្ចសហប្រតិបត្តិការទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិឱ្យកាន់តែប្រសើរឡើង ។
បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេក្នុងចំណោមប្រទេសចិន និងសហរដ្ឋអាមេរិកហើយក៏ជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅក្នុងអាស៊ានផងដែរ។
មកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគត្រឹមត្រូវនៅកម្ពុជាចំនួន ២០៥ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងជាប្រទេស កំពូលទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា ហើយក៏ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ៧៩ប្រទេស។ ពិសេសក៏មានផ្នែកផ្សេងៗជាច្រើនទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមយ៉ាងសិ្អតរមួត ក្នុងវិស័យអប់រំ-បណ្តុះបណ្តាល ចរាចរណ៍-ដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ ជារៀងរាល់ឆ្នាំ ដោយវៀតណាមបានផ្តល់អាហារូបករណ៍រយៈពេល វែងរាប់រយកន្លែងដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម ហើយចំនួនសិស្សនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជាក៏កំពុងតែមានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។
ប្រទេសទាំងពីរក៏តែងតែបានរៀបចំនិងប្រារព្វធ្វើពិធីនានាក្នុងការ ផ្លាស់ប្តូរ វប្បធម៌ នៅតាមមូលដ្ឋាន ជាប់ព្រំដែន ដោយបានសម្របសម្រួល និងគាំទ្រគ្នាយ៉ាងពេញទំហឹង ទៅវិញទៅមក ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការអនុតំបន់ដែលបានបង្ហាញឱ្យឃើញច្បាស់ ពីទំនាក់ ទំនង រវាងភាគីទាំងពីរ និងរដ្ឋទាំងពីរ យ៉ាងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រមិត្តភាពយូរអង្វែង ៕
ដោយ ៖ ហេង វណ្ណា