ការបណ្តុះបណ្តាលកីឡាករកីឡាការិនីឆ្ពោះទៅរកគុណផលបច្ចេកទេសកម្រិតខ្ពស់បាន គឺមនុស្សគន្លឹះមានតែគ្រូបង្វឹកតែមួយគត់
(ភ្នំពេញ)៖ ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ស្តីពីការ ពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡា ជម្រើសជាតិ នាព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តនៅឆ្នាំ២០២៣០កម្ពុជានិងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។ដូចច្នោះហើយ គ្រប់វិស័យគេវិវឌ្ឍទៅមុខ ដោយផ្លាស់ប្តូរធនធានទៅជាមនុស្សមានចំណេះដឹងថ្មីទាំងអស់ ហេតុនេះហើយ វិស័យកីឡាក៏តម្រូវដើរឱ្យទាន់នឹងការវិវឌ្ឍនេះដែរ ។
គឺយើងត្រូវតែពង្រឹងអភិវឌ្ឍន៍ខ្លួនលើធនធានចំណេះដឹង ដើម្បីឆ្លើយតបការវិវឌ្ឍរបស់សង្គមជាតិផងដែរ។ដូច្នោះហើយ វិស័យកីឡាក៏ជាធនធានមួយដ៏សំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សដែរ។ប្រសិនបើកីឡាករកីឡាការិនីដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិនៅពេលអនាគត មិនទទួលបាននូវចំណេះដឹង ជំនាញ សិលៈធម៌នៃការរស់នៅ និងមិនកំណត់គោលដៅបានច្បាស់លាស់នោះទេ ពួកគេមិនអាចដើរដល់គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកំណត់ឆ្នាំ២០៣០ និងឆ្នាំ២០៥០ឡើយ។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កាត់ធ្ងន់ថា វគ្គបណ្តុះបណ្តាល ស្តីពីការ ពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡា ជម្រើសជាតិ ដែលយើងបានធ្វើឡើងនាពេលនេះ គឺជាការចូលរួមជម្រុញឱ្យសមត្ថភាពគ្រូបង្វឹកក្លាយខ្លួនទៅជាគ្រូបង្វឹកដែលមានចំណេះជំនាញស្តង់ដារ បង្ហាត់ក្រុមជម្រើសជាតិដោយវិជ្ជាជីវៈខ្ពស់ជួយឱ្យកីឡាករកីឡាការិនីក្លាយជាសក្តានុពលកីឡាកម្រិតខ្ពស់សម្រាប់ប្រទេសជាតិ។
ការចងក្រងបាននូវកីឡាកម្រិតខ្ពស់ដែលមានបច្ចេកទេសខ្ពស់និងគុណផលកីឡាកម្រិតខ្ពស់បាន គឺមនុស្សគន្លឹះ មានតែគ្រូបង្វឹកតែមួយគត់។ ហើយបើគ្រូបង្វឹកមានសមត្ថភាព និងមានភាពឈាសវៃនៅក្នុងការដឹកនាំល្អ គឺអាចទាញកីឡាកម្រិតខ្ពស់របស់យើងឡើង ។
ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ទៀតថា ឥឡូវនេះផែនការរបស់ក្រសួងអប់រំយុវជននិងកីឡា គឺបានដាក់ចេញទៅកាន់សហព័ន្ធកីឡាជាតិ ពង្រឹងសមត្ថភាពសមត្ថភាពជំនាញ និងពង្រឹងការដឹកនាំ មានន័យថា ពង្រឹងជំនាញផ្តោតលើគ្រូបង្វឹក និងពង្រឹងភាពដឹកនាំនិងការគ្រប់គ្រង គឺពង្រឹងដល់អគ្គលេខាធិការសហព័ន្ធ ។
ប្រសិនបើក្នុងសហព័ន្ធកីឡាជាតិនីមួយ មានគ្រូមានចំណេះជំនាញដឹកនាំបង្ហាត់ល្អ និងមានអគ្គលេខាធិការមានផែនការច្បាស់លាស់ជួយបន្ថែមក្នុងការតម្រងទិសនោះ នឹងជួយឱ្យគុណផលកីឡាយើងមានការអភិវឌ្ឍទៅជាកីឡាកម្រិតខ្ពស់មានសកក្តានុពល។
គួបញ្ជាក់ផងដែរថា៖ សិក្ខាសាលានេះ បានរៀប ចំឡើង កាលព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ដែលមានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ខណៈដែលឯកឧត្តម វ៉ាត់ ចំរើន ក៍ជាគ្រូឧទ្ទេសផងដែរ៕





ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ