សម្តេចធិបតី៖ ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញការអនុវត្តឱ្យសម្រេចបានកាន់តែប្រសើរបន្ថែមទៀតនៅប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំស្នើអង្គរដ្ឋសភាពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ទី១. ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី២. ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្រតិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ដែលបានស្នើសុំ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាឡាអនុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ៕
ដោយ៖ពលជ័យ