សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ អនុម័តរបៀបវារៈចំនួនពីរក្នុងចំណោមរបៀបវារៈចំនួនបួន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖
១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។
២)ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ជាលទ្ធផលសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានដំណើរការនីតិវិធី ដោយបានសម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈទំាងបួនខាងលើ ដែលមានលទ្ធផលដូចខាងក្រោម៖
១)សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។
២)សម័យប្រជុំរដ្ឋសភា បានអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទៅជាសេចក្តីព្រាងច្បាប់ស្តីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមយោបល់ស្នើសុំរបស់ព្រឹទ្ធសភា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាប្រជុំផ្តល់យោបល់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ស្នើសុំឱ្យរដ្ឋសភាកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខទៀត ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា