ខេត្តចំនួន ១៥ នៅកម្ពុជាបានប្រែពីទឹកដីមីន មកជាទឹកដីមាស

ភ្នំពេញ៖មកទល់បច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន ១៥ ហើយ ដែលត្រូវបានប្រកាសថា ជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដី​មានចំនួន ៣,០២៤ គីឡូម៉ែត្រក្រឡា ។ នេះតាមការបញ្ជាក់របស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរ មីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នៅក្នុង សន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងសន្និសីទកាសែតស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី​ពិភពលោកមួយដែលគ្មានមីន» នៅទីស្ដីការអាជ្ញាធរមីនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានប្រាប់ទៅអ្នក​កាសែត​ថា ខេត្ត​ចំនួន១៥បានប្រែក្លាយពីទឹកដីមីន ដែលពោរពេញដោយគ្រោះ ថ្នាក់ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស ដែលក្រោយពីអាជ្ញាធរមីនកម្ពុជាបានដោះមីនអស់។ ប្រជាពល រដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខ​របរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។

ឯកឧត្ដម លី ធុជ បានបន្ថែមថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយ សម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវ​ការញ៉ាំញីដោយភ្លើង សង្គ្រាមស៊ីវិលរ៉ាំរ៉ាំ បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់ រហូតក្លាយជាប្រទេស​មានសន្តិភាពពេញ​លេញ មិនតែប៉ុណ្ណោះព្រម ទាំងក្លាយជាប្រទេសរដ្ឋភាគីរបស់អនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញា សប្បុរសធម៌ជួយ​ពិភពលោកឱ្យរួច​ផុតពីគ្រោះថ្នាក់ដោយសារមីន ថែមទៀផង ។

ឯកឧត្ដមបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញលើកទឹកចិត្តឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នឹងចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ៕


ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner