មន្ទីរបរិស្ថានខេត្តក្រចេះ៖មិនមានការបង្ក្រាប និងធ្វើបាបប្រជាពលរដ្ឋ ដែលពុំមានកំហុស
ក្រចេះ៖ សំដៅលើការផ្សព្វផ្សាយមិនពិតដែលថា“មន្ត្រីបរិស្ថានបាន ធ្វើការបង្ក្រាប ដាក់ខ្នោះប្រជាពលរដ្ឋដោយគ្មានកំហុស” មន្ទីរបរិស្ថាន ខេត្តក្រចេះ បានបំភ្លឺជាសាធារណៈ ដោយបញ្ជាក់ថា មិនមានករណី បែបនេះឡើយ ។
ក្នុងសេចក្តីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តក្រចេះបានរំលឹកថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះល្បាត ទប់ស្កាត់ បង្ក្រាបករណីកាប់គាស់ រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិទំហំ ២.៥២ហិកតា ដែលប្រព្រឹត្តទៅនៅអូរច្រឡំផុក និយាមកាX612427-Y1431 778 ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ព្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ នៃដែនជម្រកសត្វព្រៃសំបូរ ជាតំបន់ការពារធម្មជាតិ ដែលបង្កើត ឡើងដោយអនុក្រឹត្យ ។ពេលនោះឃាត់បានត្រាក់ទ័រមួយគ្រឿង ។
សេចក្តីបំភ្លឺបន្តថា ក្រោយពេលឃាត់បាន ក្រុមការងារបាននាំ យក ទៅស្នាក់ការ ដើម្បីបន្តនីតិវិធីច្បាប់ លុះមកតាមផ្លូវក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ មកធ្វើការរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តការងារ មិនឱ្យនាំយកត្រាក់ទ័រទៅស្នាក់ការ ដើម្បីអនុវត្តនីតិវិធី។ ជុំវិញករណី នេះមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរួចរាល់ហើយ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕




ដោយ៖ឡុង សំបូរ