រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអះអាងឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង២ ក៏បានទប់ស្កាត់ការធ្លាក់ចុះធ្ងន់ធ្ងរនៃស្ថានភាពជីវភាពរបស់គ្រួសារគោលដៅ ដូចជា៖ ១). បានកាត់បន្ថយការកើនឡើងនៃអត្រាអសន្តិសុខស្បៀងក្នុងគ្រួសារចំនួន ១៣%, ២).បានជួយលើការសន្សំក្នុងគ្រួសារចំនួន ៧,៥%, ៣).បានជួយគ្រួសារឱ្យមានលទ្ធភាពបង់ថ្លៃសេវាទឹក-ភ្លើង, ថ្លៃជួលផ្ទះ, និងបង់ថ្លៃសេវាសុខាភិបាល ជាដើម។
ការវាយតម្លៃក៏បានបង្ហាញថាគ្រួសារពលរដ្ឋ ពិសេសគ្រួសារងាយរងហានិភ័យដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនៈវិជ្ជមានលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ នេះ បានបង្កើនទស្សនៈវិជ្ជមានរបស់គ្រួសារគោលដៅ មកលើរាជរដ្ឋាភិបាល ប្រមាណ ៣,៥% ធៀបនឹងពេលមុនអនុវត្តកម្មវិធីទាំងនេះ។
ជារួម ចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦- ២០២៥, ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពធំជាងមុន ២ដង ដែលបានកើនឡើងពីការគ្របដណ្តប់ប្រជាពលរដ្ឋ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧លាននាក់ ក្នុងឆ្នាំ២០២៤នេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា