អ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះ​នៅស្រុក​សណ្ដាន់ បានទទួលថវិកា ,ប្រេង និងស្បៀង

កំពង់ធំ៖ប្រេងឥន្ធនៈ ថវិកា និងស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លា​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនអ្នកបើកបរកាណូត និងអ្នកបើកបរ​រថយន្ត​គិលានសង្គ្រោះ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​នៅមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុ​ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​សណ្ដាន់​បាននាំអំណោយនេះទៅប្រគល់ជូនដោយផ្ទាល់កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
អំណោយមានប្រេងសាំង៩០០ លីត្រ សម្រាប់បម្រើឱ្យការដឹកជញ្ជូន​តាមកាណូត និងប្រេងម៉ាស៊ូត ចំនួន៣០០លីត្រ ព្រមទាំង​ថវិកា​ចំនួន៣០០ដុល្លារ សម្រាប់អ្នកបើកបររថយន្តគិលានសង្គ្រោះ និង គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់អ្នក​បើកបរកាណូត​ប្រើប្រាស់​រយៈពេលបីខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ។

សូមជម្រាបថា ការដឹកជញ្ជូនបានធ្វើនៅបីឃុំ តាមដងស្ទឹងសែន គឺឃុំដងកាំបិត ឃុំមានជ័យ និងឃុំក្លែង ។ការដឹកជញ្ជូននេះ​ដើម្បី​សម្រួលដល់​កសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ឆ្លងកាត់ដង​ស្ទឹងសែនទៅសាលាក៏ដូចជាប្រកបមុខរបរអាជីវកម្ម ។សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភកាណូតតូច​ធំចំនួន៦គ្រឿងតាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្រាប់ដឹក​ជញ្ជូនឆ្លងកាត់នៅកំពង់ចម្លងឃុំដងកាំបិតចំនួនពីរគ្រឿង, នៅឃុំមានជ័យនិងឃុំក្លែងចំនួនបួនគ្រឿង។ ចំណែករថយន្តគិលាន​សង្គ្រោះមួយ​គ្រឿងបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ និងផ្ដល់ប្រេងឥន្ធន: ៣០០លីត្រ ថវិកា១០០​ដុល្លារ​ដល់​អ្នកបើកបរ ក្នុងមួយខែ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner