សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាគមជប៉ុន-កម្ពុជា ចំពោះការបើកការិយាល័យនៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សមាគមជប៉ុន-កម្ពុជា ចំពោះការបើកការិយាល័យនៅកម្ពុជា និងបានចាត់ទុកការងារនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគម ដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ។
នៅក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានមានប្រសាសន៍ថា ជំនួបជាមយួយសម្ដេចតេជោជាថ្មីនាពេលនេះ គឺដើម្បីរាយការណ៍ជូនសម្តេច អំពីវឌ្ឍនភាពការងាររបស់សមាគមនាពេលកន្លងមក និងការចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ក៏ដូចជាការបើកការិយាល័យរបស់សមាគមនៅកម្ពុជាផងដែរ ។
ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានជម្រាបជូនសម្ដេចតេជោដែរថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន២៦ ដែលក្នុងនោះ ក្រុមហ៊ុនចំនួន១៧ ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួនដូចជា ៖ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ល។
ប្រធានសមាគមជប៉ុន-កម្ពុជារូបនេះ បញ្ជាក់ថា ឯកឧត្តមបានប្ដេជ្ញាចិត្តបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងអាជីវកម្ម និងធុរកិច្ចជាមួយវិស័យឯកជនកម្ពុជាផងដែរ ។
ទន្ទឹមគ្នានេះ លោក កាតុ អគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា បានគូសបញ្ជាក់ជូនសម្ដេចថា ទិសដៅខាងមុខរបស់សមាគមជប៉ុន-កម្ពុជា នឹងមានការវិនិយោគលើការបណ្តុះបណ្តាលជំនាញផ្នែកថែទាំយានយន្ត បច្ចេកវិទ្យាព័ត៌មាន និងការប្រឹក្សាយោបល់ (Counselling) ហើយលោក ក៏បានបង្ហាញពីគោលបំណងនាំយកក្រុមហ៊ុនជប៉ុនដែលមានជំនាញថែទាំមនុស្សចាស់ ផ្នែកសាងសង់និងរចនា ក៏ដូចជាក្រុមហ៊ុនបណ្តុះបណ្តាលការដាំស្មៅដើម្បីបម្រើទីលានវាយកូនហ្គោល និងតារាងបាល់ទាត់មកកម្ពុជាបន្ថែមទៀតផងដែរ ។
បន្ទាប់ពីស្ដាប់សេចក្ដីរាយការណ៍របស់ប្រធាននិងអគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា រួចមក សម្ដេចតេជោ ហ៊ុន សែន បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលបានប្រឹងប្រែងក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងជប៉ុននិងកម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភាព បានសម្ដែងក្ដីសោមនស្សក្រោយជ្រាបថា សមាគមជប៉ុន-កម្ពុជា បានកៀរគរក្រុមហ៊ុនចំនួន២៣ មកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្មនៅកម្ពុជា ។
សម្តេចតេជោ បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនជប៉ុន ដែលបានដើរស្របជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន៥ សែននាក់ ។ ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញថែទាំងមនុស្សចាស់ សម្ដេចតេជោ បញ្ជាក់ថា នៅពេលយុវជនទទួលបានការបណ្តុះបណ្តាលរួច ភាគីជប៉ុន គួរបញ្ជូនពួកគេទៅធ្វើការនៅប្រទេសជប៉ុន ដែលមានតម្រូវការអ្នកថែទាំមនុស្សចាស់ច្រើនហើយដែលអាចជួយផ្ដល់នូវការងារដល់ប្រជាជនកម្ពុជាផងដែរ ។
ទាក់ទងនឹងការបណ្ដុះបណ្ដាលផ្សេងទៀតដូចជា ការថែទាំស្មៅទីលានវាយកូនហ្គោល និងតារាងបាល់ទាត់ គឺអាចជាការប្រសើរផងដែរ ដោយសារអ្នកទេសចរណ៍ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ មានចំណូលចិត្តក្នុងការលេងវាយកូនហ្គោលកាន់តែច្រើនឡើង ដោយសារ ជំនាញថែទាំស្មៅនៅកម្ពុជានៅមានការខ្វះខាតនៅឡើយ។
សម្តេចតេជោ បានបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតចំណងធំបំផុតដល់កម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុន មិនទាន់ច្រើននៅឡើយទេ មកបណ្តាក់ទុននៅកម្ពុជា។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលមានក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានកើនឡើង។
ក្នុងនាមជាប្រទេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលសម្ដេចបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំជប៉ុនកន្លងមក ហើយបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសយើងទាំងពីរ កម្ពុជា និងជប៉ុន ត្រូវតែបន្តពង្រឹងទំនាក់ទំនងទាំងនយោបាយ និងជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះឱ្យកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ដោយសេចក្តីរីករាយចំពោះការសម្រេចចិត្តបើកការិយាល័យនៅកម្ពុជា និងបានចាត់ទុកការងារនេះនឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគមដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុននិងកម្ពុជា ៕
ដោយ ៖ វណ្ណលុក