ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការស្វែងរកដំណោះស្រាយ គម្រោង ផ្សារ TCC ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួង ដ.ន.ស. បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធករណីរបស់គម្រោង ផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក ដែលមានលោក ចិន ថៃអាន (CHEN TAI AN) ជាប្រធានក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុន ហ្សេង ឈី អុិនវេសមិន មេនេចមិន (ខេមបូឌា) ឯ.ក, កំពង់ផែស្វយ័ត ភ្នំពេញ, អាជីវករ និងពីគ្រប់ភាគីពាក់ព័ន្ធ។
ជាលទ្ធផល លោក ចិន ថៃអាន (CHEN TAI AN) ដែលជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន យុនណាន សេងម៉ៅ អុិនវេសមិន ឯ.ក បានឯកភាពក្នុងការលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ជូនលោកស្រី នូវ គន្ធា ដើម្បី ក្លាយជាម្ចាស់ភាគហ៊ុនបន្ត នៅក្នុងក្រុមហ៊ុន យុនណាន សេងម៉ៅ អុិនវេសមិន ឯ.ក និងក្លាយជាម្ចាស់គម្រោង ផ្សារ TCC និងអនុញ្ញាតឱ្យក្រុមហ៊ុន ហ្សេង ឈី អុិនវេសមិន មេនេចមិន (ខេមបូឌា) ឯ.ក ចូលសាងសង់បន្ត គម្រោង ផ្សារ TCC ដើម្បីឈានទៅបញ្ចប់បញ្ហាជាស្ថាពរ។
ជាមួយគ្នានេះដែរ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់ និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងពីរ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួមដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ដ.ន. ស. ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ / គ្រី សម្បត្តិ