ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេស នឹងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេស នាពេលនេះ នឹងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ តាមរយៈការឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិបទអន្តរជាតិ មានភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាង កម្ពុជាក៏អាចទទួល នូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើយើងប្រកាន់ភាពបត់បែន និងតាមទាន់ សភាពការប្រែប្រួលក្នុងតំបន់ និងពិភពលោក ហើយអាចត្រៀមឱ្យបាននៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព និងប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ ដែលអាចកើតចេញពីការវិវត្តសភាពការណ៍នេះ សម្រាប់លើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ ដោយជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជា ការទាក់ទាញបន្ថែម នូវការវិនិយោគ និងធុរកិច្ច ដែលអាចផ្លាស់ប្តូរទីតាំងចេញពីតំបន់ផ្សេង ។
សម្ដេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល ពិតជាមានភាពចាំបាច់ ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាព នៃយន្តការដឹកនាំនៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស នៅក្នុងវិស័យការបរទេស និងកិច្ចសហប្របត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្មដោយផ្ដោតជាសំខាន់លើការជំរុញអនុវត្តលើគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន និងឈ្លាសវៃ ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាព និងស្ថេរភាពសង្គម ការការពារយុត្តិធម៌ និងកិត្យានុភាពកម្ពុជា ការបន្តយកចិត្តទុកដាក់ក្នុងថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាព និងសហប្រតិបត្តិការពហុវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗទាំងក្នុងតំបន់ និងក្រៅតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងការបន្តចូលរួមកាន់តែសកម្មនៅក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា លើពិភពលោក ។
ជាការអបអរសាទរដល់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួស ឯកឧត្តម សុខ ចិន្ដាសោភា ដែលបន្តតំណែងជាឧបនាយករដ្ឋមន្ត្រី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «បទពិសោធន៍របស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ ឯកឧត្តម សុខ ចិន្ដាសោភា ក្នុងវិស័យពាណិជ្ជកម្មនិង វិនិយោគ ពិតជាបានបង្កើន នូវសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ» ។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានសម្ដែងការកោតសរសើរអស់ពីដួងចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជូនចំពោះអង្គរដ្ឋសភា ដែលជានិច្ច ក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិ ដែលទទួលនូវសេចក្ដីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសតែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើផលប្រយោជន៍ប្រទេសជាតិ ក្នុងការផ្ដល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាល នូវក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល កម្ពុជា និងរបៀបវារៈសំខាន់ៗមួយចំនួនទៀត ៕
ដោយ ៖ វណ្ណលុក