នៅវៀតណាមមានអ្នកបន្លំលក់សំបុត្រយន្តហោះក្លែងក្លាយលើអនឡាញ
បរទេស៖ អាជ្ញាធរវៀតណាមបានព្រមានថា ជនអនាមិកកំពុងឆ្លៀតឱកាសប្រើប្រាស់គេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្លែងក្លាយ ទាញយកផលប្រយោជន៍ពីអតិថិជន តាមរយៈការលក់សំបុត្រយន្តហោះខុសច្បាប់នៅលើអ៊ីនធឺណិត ស្របពេលដែលរដូវកាលដើរលេងកម្សាន្តកាន់តែខិតជិតមកដល់ ។
បើតាមអាជ្ញាធរសន្តិសុខព័ត៌មានរបស់ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានឲ្យដឹងថា អ្នកក្លែងបន្លំប្រើឈ្មោះអាសយដ្ឋាដូចជា Vietnam Airslines ដែលមានបន្ថែមអក្សរ “S” នៅខាងក្រោយអក្សរ “R” និងឈ្មោះ Vietnam Aairlines ដែលមានអក្សរ A ពីរដងក្នុងពាក្យ Aairlines ដោយមើលមួយភ្លែតនឹងច្រឡំជាមួយឈ្មោះអាស័យដ្ឋានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពិតប្រាកដ ។
អតិថិជនត្រូវបានជូនដំណឹងថា ជើងហោះហើរដែលត្រូវបានជ្រើសរើស គឺពេញអស់ហើយ ប៉ុន្តែអតិថិជនអាចទាក់ទងអ្នកលក់សំបុត្រតាមរយៈលេខទូរស័ព្ទ ។ បន្ទាប់មក អ្នកក្លែងបន្លំសុំឲ្យអតិថិជនធ្វើការទូទាត់សាច់ប្រាក់ភ្លាមៗ ដើម្បីទទួលបានសំបុត្រយន្តហោះ ។
ក្រោយទូទាត់លុយហើយ អតិថិជននឹងទទួលបានលេខកូដកក់ ដែលស្រដៀងគ្នាទៅនឹងជើងហោះហើរស្របច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ប៉ុន្តែការកក់នេះនឹងត្រូវបានលុបចោលវិញភ្លាមៗដោយស្វ័យប្រវត្តិ ដោយសារតែខាងក្រុមហ៊ុនស្របច្បាប់បញ្ជាក់ថា តម្លៃសំបុត្រមិនទាន់ត្រូវបានបង់នៅឡើយទេ ។
អាជ្ញាធរបាននិយាយថា «ប្រតិបត្តិការទាំងអស់ត្រូវបានអនុវត្ត តាមអ៊ីនធឺណិត។ បន្ទាប់ពីទទួលបានប្រាក់ហើយ អ្នកបោកប្រាស់នឹងឈប់ទំនាក់ទំនងជាមួយជនរងគ្រោះទាំងអស់» ។ អតិថិជនខ្លះទៀតបានរាយការណ៍ថា ត្រូវបានបោកបញ្ឆោត តាមរយៈការប្រាប់អំពីដំណឹង «ឈ្នះសំបុត្រប្រូម៉ូសិន» ក៏មាន ខណៈក្នុងករណីនេះ អ្នកបោកប្រាស់ក៏អាចលួចទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ឬព័ត៌មានក្នុងកាតឥណទានផងដែរ ៕
ប្រភពពី VN Express ប្រែសម្រួល៖ សារ៉ាត