វិស័យកសិកម្ម មានវិសាលភាពធំធេងណាស់ ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា
(ភ្នំពេញ)៖ ក្នុងឱកាស អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើមានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសតែងតំាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ប្រភព ៖ ក្រសួងកសិកម្ម