រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រធានមន្ទីរថ្មី រាជធានីភ្នំពេញ ត្រូវយកចិត្តទុកក្នុងការងារ ដើម្បីឆ្លើយតបទៅតាមតម្រូវប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរថ្មីទើបទទួលកាន់តំណែង ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នៅក្នុងសាលារាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គួរបញ្ជាក់ថា៖លោក ញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញជំនួសលោក ចាន់ រិទ្ធី ដែលចូននិវត្តន៍៕
ដោយ ៖ ម៉ាដេប៉ូ