កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗចំនួន២ គឺ ICAPP និង IPTP ចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗ ចំនួន២ រួមមាន៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ , សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ។

កិច្ចប្រជុំសំខាន់ៗ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានដូចជា៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយកដ្ឋមន្ត្រីកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ លោក លោកស្រី ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនៅអាស៊ី អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ។

ចំណែកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេសជាង៩០នៅលើពិភពលោក អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិផងដែរ ។

សូមជម្រាបថា កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅ អាស៊ី (ICAPP) លើកទី១២ ឆ្នាំ២០២៤ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំ និងជោគជ័យថ្មីមួយបន្ថែមទៀត នៃការជួបជុំមហាគ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាងឲ្យ ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ ខណៈការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជាដោយឡែក ហើយជារួមដល់កម្ពុជា ឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា កម្ពុជា ដែលបានរក្សានូវគោលការណ៍គ្រឹះ នៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេស កម្ពុជា បានរួម ចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ ។

កម្ពុជា ក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម ហើយកម្ពុជា ក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺ ការជួយជំរុញការយោគយល់គ្នាទៅវិញទៅមក រវាងគណបក្សនយោបាយនានា ។

ទាំងអស់នេះ ធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍហើយផ្តល់គុណតម្លៃពីបណ្តាគណបក្ស ICAPP ជូនកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលម្តងទៀត ជាលើកទី២ ដែលសបញ្ជាក់ឲ្យឃើញពីអ្វីដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា បានធ្វើ គឺ ទទួលស្គាល់ជាអន្តរជាតិ ពីបណ្តាគណបក្សនយោបាយលើសកលលោក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner