ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបមេរោគ​អេដស៍ និងជំងឺអេដស៍ ទទួលបានលទ្ធផលល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភ ចំពោះអត្រានៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស ក្រុមបុរសរកស៊ីផ្លូវភេទ និងក្រុមអ្នកបំប្លែងភេទ។ ជាមួយនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ការគ្របដណ្តប់លើការថែទាំព្យាបាល និងប្រសិទ្ធភាព នៃការព្យាបាល ដែលយើងសម្រេចបានខ្ពស់រហូតដល់ ៩៨ភាគរយ នៃគោលដៅ ៩៥-៩៥-៩៥ ខណៈបច្ចុប្ន្ន សម្រចបាន ៨៩-៩៨-៩៨ ។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សង្កត់ធ្ងន់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ ស្របទៅនឹងគោលដៅទី៣ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (Sustainable Development Goals) ដោយធានានូវការរស់នៅប្រកបដោយ សុខភាពល្អ និងបង្កើនសុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ និងសម្រេចបានអត្រាគ្របដណ្តប់សុខភាពជាសកល ដោយរួមបញ្ចូលការការពារហានិភ័យហិរញ្ញវត្ថុ (Financial risk protection) ក្នុងការទទួលបាន សេវាថែទាំសុខភាពសំខាន់ៗ ប្រកបដោយគុណភាព ។

ឆ្លងតាមការពិភាក្សាយ៉ាងផុសផុល នៅក្នុងសន្និបាតនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា៖

  • ធានាឱ្យបាននូវចីរភាព និងភាពធន់នៃការឆ្លើយតប ទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅក្នុងឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេស និងធ្វើការបញ្រ្ជាប ព្រមទាំងបញ្ចូលសកម្មភាព ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការរួម របស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់។
  • ពង្រឹងនិងពង្រីកសេវាបង្ការ ធ្វើតេស្ត និងថែទាំព្យាបាល មេរោគអេដស៍ និងជំងឺអេដស៍រួមគ្នា ជាពិសេស លើក្រុមប្រឈម និងក្រុមយុវវ័យនៅតាមសហគមន៍ ដោយអនុវត្តនូវការប្រើប្រាស់ស្រោមអនាម័យ១០០% លេបថ្នាំបង្ការជាមុនការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ វិធីលេបថ្នាំបង្ការក្រោយពេលមានការប្រព្រឹត្តិ ប្រឈមនឹងការឆ្លងមេរោគអេដស៍ និងការធ្វើតេស្តរកមេរោគអេដស៍ ដោយខ្លួនឯង (HIV Self-Testing) រួមនឹងការប្រើប្រាស់ឱសថប្រឆាំង នឹងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ។
  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងខិតខំធានាឱ្យបាន នូវការសម្របសម្រួល ជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ដោយមានការចូលរួមប្រកបដោយបរិយាបន្នពីមូលដ្ឋាន និងសហគមន៍ដែលត្រូវធ្វើជាម្ចាស់ ព្រមទាំងផ្តោតលើប្រជាពលរដ្ឋជាធំ ដើម្បីធានាបាននូវភាពធន់និងចីរភាព។
  • រក្សាស្រោមអនាម័យឱ្យមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ប្រកប ដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ ក្រុមយុវវ័យ ដែលរួមភេទដូចគ្នាឱ្យទៅធ្វើតេស្តរក មេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការការចម្លង មេរោគអេដស៍ តាមរយៈការប្រើស្រោមអនាម័យ ១០០% នៅរាល់ពេលរួមភេទជាមួយដៃគូ ជាពិសេសដែលមិនស្គាល់ប្រវត្តិ។

– ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម សម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ និងបង្កើតបរិយាកាសអំណោយផលដ ល់ការទទួលបាន នូវសេវាព្យាបាល និងថែទាំជំងឺអេដស៍ សេវាគាំទ្រសុខាភិបាលនានា ព្រមទាំងសេវាគាំទ្រផ្នែកច្បាប់ និងសង្គមផ្សេងទៀត ប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមអំពាវនាវឱ្យមានការចូលរួម យ៉ាងសកម្ម និងគាំទ្រខ្លាំងក្លាដល់បុគ្គលិកសុខាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមប្រជាជនគន្លឹះ ដើម្បីធ្វើការជាមួយគ្នាដោយជិតស្និទ្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅឆ្ពោះទៅការបិទបញ្ចប់អេដស៍ នាពេលខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner