មហាសន្និបាតអន្តរជាតិ ICAPP លើកទី១២៖ មានគណបក្សចំនួន៦២ មកពីអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអ្នកប្រជាធិបតេយ្យនិយមកណ្តាល និងមាន៤៥ប្រទេស ចូលរួម

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកមហាសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារ ICAPP-ACC កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ប្រាប់ AMS ថា គណៈប្រតិភូដែលចូលរួមមានចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន៩៩រូប និងប្រតិភូកម្ពុជាចំនួន៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២ គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន ៥១ មកពីអាស៊ី , គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្សនយោបាយចំនួន ៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺតំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) ។ ហើយមាន ៤៥ប្រទេសចូលរួម។

ឯកឧត្តមបានបន្តថា ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាងគណបក្សនយោបាយនៅអាហ្វ្រិក តំណាងគណបក្សនយោបាយនៅតំបន់សមុទ្រខ្មៅ និងបណ្តាគណបក្សនយោបាយដែលមកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាងសារព័ត៌មានសំខាន់ៗមកពី ១៥ប្រទេសចូលរួមផងដែរ។ ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា ប្រយោជន៍ដែលយើងទទួលបាននៃការប្រជុំគណបក្សនយោបាយរបស់អាស៊ី គឺបង្ហាញនៅសាមគ្គីភាពនៃបណ្តាគណបក្សអាស៊ីក្នុងសភាពការណ៍នៃសន្តិសុខពិភពលោកថ្មី ក្នុងសភាពការនៃការបម្រែបម្រួលអាកាសធាតុ និងដើម្បីរួបរួមគ្នាដើម្បីឆ្ពោះទៅកសាងសន្តិភាពមួយនៅលើផ្លូវនៃគណបក្សនយោបាយដែលគោរពតាមនៅអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយជាពិសេសគោរពបាននៅអធិបតេយ្យភាព និងឯករាជ្យភាពនៃបណ្តាគណបក្សនយោបាយ ដែលតំណាងឲ្យប្រទេសទាំងគណបក្សនយោបាយដឹកនាំអំណាច និងគណបក្សនយោបាយដែលជាសម្ព័ន្ធភាព និងគណបក្សតូចៗដែលមានកៅអីនៅក្នុងរដ្ឋសភា។ ចំណុចសំខាន់ៗដែលយើងនឹងទទួលបានអំពីការស្វះស្វែងរកសន្តិភាព និងការផ្សះផ្សានេះ យើងរំពឹងនៅអ្វីដែលសំខាន់ជាងគេ គឺយើងរំពឹងនឹងការសម្រេចបាននៅគោលការណ៍មួយដែលគេហៅថាសេចក្តីប្រកាសន្តិភាពទីក្រុងភ្នំពេញ។ បណ្តាគណបក្សនយោបាយទាំងអស់នឹងធ្វើការប្រកាសរួមនៅក្នុងសេចក្តីសន្តិភាពទីក្រុងភ្នំពេញដោយបញ្ជាក់អំពីសាមគ្គីភាព នៃបណ្តាគណបក្សនយោបាយពីក្នុងអាស៊ី និងបណ្តាគណបក្សនយោបាយក្នុងតំបន់អាស៊ី។

សូមជម្រាបថា នៅថ្ងៃបិទសន្និបាត ដឹកនាំដោយផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ ក្រៅពីថ្លែងសន្ទរកថាគន្លឹះ សម្តេចធិបតីនឹងដឹកនាំអង្គប្រជុំជាបន្តបន្ទាប់ និងស្តាប់លទ្ធផលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរួមមហាសន្និបាត លទ្ធផលនៃកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរទ្វីប លទ្ធផលនៃការប្រជុំអំពីក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣។ នៅទីចុងបញ្ចប់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងស្តាប់នៅការអាន និងអនុម័តនៅសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ ដោយសហប្រធានរបស់ ICAPP៕
ដោយ៖ពលជ័យ

ads banner