រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមប្រឆាំងជ្រុលនិយមយកកិច្ចការព្រំដែនដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។
គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់ អំពីគោលជំហរនៃការខិតខំចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធី រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធានារក្សាបាននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ដល់ជាតិ និងប្រជាជនទាំងសងខាង។
ក្រៅពីការណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃខិតខំថែរក្សាបរិយាកាសមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍អំពីបច្ចុប្បន្នភាពនៃការងារវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដែលបាន និងកំពុងប្រព្រឹត្តទៅប្រកបដោយជោគជ័យ សន្ទុះនៃការរីកចម្រើននៃខេត្តប៉ៃលិនដែលតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែង ការបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់នៅតាមបណ្ដាច្រកទ្វារព្រំដែនជាដើម។ សូមបញ្ជាក់ថា ក្រៅពីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងម្លាំងចំណុះរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលពិនិត្យកន្លែងបំពេញការងាររបស់មន្រ្តីពាក់ព័ន្ធ និងបានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានអញ្ជើញពិសារអាហារសាមគ្គីនៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាសប្រកបដោយមិត្តភាពផងដែរ៕
ដោយ៖ពលជ័យ