ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌីន ស្នើឲ្យក្រុមហ៊ុនផលិតទុយោយកកម្ពុជាជាទីតាំងសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌីន បានស្នើឱ្យក្រុមហ៊ុនផលិតទុយោសម្រាប់ផ្គត់ផ្គង់វិស័យទឹកស្អាតអនុវត្តនូវស្តង់ដារគុណភាព និងពង្រីកខ្សែច្រវាក់ផលិតកម្ម និងផលិតផលផ្សេងទៀត ដែលធានាថា កម្ពុជាជាទីតាំងមួយសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដែលមិនមានរោងចក្រ។

សំណើរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្នុងឱកាសចុះទស្សនកិច្ចនៅរោងចក្រផលិតទុយោមួយកន្លែងនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានឈ្មោះថា ក្រុមហ៊ុន LESSO (Cambodia) Trading Co.,Ltd បន្ទាប់ពីបានបោះទុនវិនិយោគផ្ទាល់ពីក្រុមហ៊ុនមេពីប្រទេសចិនមកកាន់កម្ពុជានៅឆ្នាំ២០២២ ដោយផ្តល់កម្លាំងការងារចំនួន ១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាពលរដ្ឋកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលរីកចម្រើន និងសង្ឃឹមថា នៅថ្ងៃអនាគតក្រុមហ៊ុននឹងពង្រីកអាជីវកម្មរបស់ខ្លួនទៅលើផលិតផល និងសេវាកម្មផ្សេងៗទៀត។

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃផលិតផលបំពង់ទុយោនៅកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករផលិតទឹកស្អាតជាង ៤០០ ហើយក្រសួងកំពុងជំរុញធ្វើឲ្យមានស្តង់ដារល្អបន្ថែមទៀត។ ឯកឧត្តម មានប្រសាសន៍ថា «នៅក្នុងវិស័យទឹកស្អាត គឺទុយោ មានសារៈសំខាន់ណាស់ ដោយសារកម្ពុជាមានតម្រូវការច្រើនទៀតលើផ្នែកទុយោ ខណៈការបែកបាក់ទុយោ មានការខាតបង់សេដ្ឋកិច្ចច្រើន»។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីក្រុមហ៊ុន ធ្វើការជាមួយធនាគារ ក្នុងការផ្តល់ឥណទាន ដល់ប្រតិបត្តិករផលិតទឹកស្អាត ដែលមិនមានលទ្ធភាពច្រើនក្នុងការពង្រីកបណ្តាញទុយោដល់តំបន់ឆ្ងាយៗ។ ជាមួយគ្នានេះ ក៏ស្នើឱ្យក្រុមហ៊ុនចូលរួមដេញថ្លៃនៅក្នុងគម្រោងទឹកស្អាតនានាផងដែរ។

បើតាមការបញ្ជាក់របស់លោក Wu Zhiyang នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះ បានឱ្យដឹងថា នៅក្នុងរោងចក្រមានម៉ាស៊ីនផលិតគ្រឿងបង្គុំចំនួន៥០គ្រឿង ដោយក្នុងមួយឆ្នាំ អាចផលិតបំពង់ទុយោប្រភេទ PE បានប្រមាណ ១ម៉ឺន៥ពាន់តោន, បំពង់ទុយោប្រភេទPVC អាចផលិតបានក្នុងទំហំ៣ម៉ឺនតោន។

លោកបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា គ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកឆ្នាំ២០២៩ ងើបចេញពីប្រទេសអភិវឌ្ឍន៍តិចតួច៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner