Elon Musk បង្ហាញផែនការធ្វើដំណើរតាមអាកាសដ៏លឿន ហោះពីទីក្រុងឡុងដ៍ទៅញូវយ៉ក ចាយពេលត្រឹម៣០នាទី
បរទេស៖ ក្រុមហ៊ុន Space X របស់លោកមហាសេដ្ឋី Elon Musk បានបង្ហាញពីផែនការនៃធ្វើដំណើរតាមផ្លូវអាកាសដ៏លឿន ជំនួសយន្តហោះ ក្នុងនោះ ទីក្រុងឡុងដ៍ របស់អង់គ្លេស ទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដោយគេដឹងថា ជិះយន្តហោះ ជាធម្មតា ចាយពេល ៧ម៉ោង ឯណោះ នេះបើតាមការចេញផ្សារបស់គេហទំព័រ Express ថ្មីៗនេះ។
ផ្អែកតាមប្រភព លោក នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ដែលថ្មីៗនេះ ត្រូវបានតែងតាំង ជាសហប្រធាន នៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបង្ហាញពីក្តីសង្ឃឹមថា នឹងដឹកជញ្ជូនពាណិជ្ជករ និងអ្នកដើរលេងកម្សាន្ត ពីទីក្រុងឡុងដ៍ ទៅញូវយ៉ក ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ តាមរយៈអ្វីដែលលោកហៅថា រ៉ុក្កែតលំដាប់ Starship របស់លោក។
យ៉ាងណាមិញ ផែនការសម្រាប់ផ្លូវល្បឿនលឿន តាមអាកាសនេះ ធ្លាប់ត្រូវបានបង្ហាញ ជាលើកដំបូង កាលពីជិតមួយទសវត្សរ៍មុន ដោយក្រុមហ៊ុន SpaceX ដោយបង្ហាញពីដំណើរបដិវត្តន៍ «ផែនដីទៅផែនដី» ដឹកអ្នកដំណើរ រហូតដល់១,០០០នាក់ ។ តាមគម្រោង Starship ដែលជាគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលបំផុត នៅលើផែនដី នឹងផ្ទុះឡើង ទៅកាន់គន្លង បន្ទាប់មក ហោះស្របទៅនឹងភពផែនដី មុននឹងចុះទៅដល់ទីក្រុងដ៏ឆ្ងាយមួយទៀត ក្នុងរយៈពេលតិចជាងមួយម៉ោង។
ក្រុមហ៊ុន SpaceX និយាយថា យាននេះក៏អាចដឹកមនុស្សពីទីក្រុង Zurich ប្រទេសស្វីស ទៅកាន់ទីក្រុង Sydney របស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥០នាទី និង ពីទីក្រុង New York ទៅទីក្រុង Shanghai ប្រទេសចិន ក្នុងរយៈពេល ៣៩នាទី។
យ៉ាងណាមិញ ប្រភពមិនទាន់បានបញ្ជាក់ថា ការធ្វើដំណើរតាមអាកាសដ៏លឿនបែបនេះ នឹងដំណើរការជាផ្លូវការ នៅពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។ ក៏ប៉ុន្តែ Starship គ្រោងនឹងនាំអវកាសយានិកបួននាក់ទៅកាន់ឋានព្រះច័ន្ទ ជាផ្នែកនៃបេសកកម្ម Artemis 3 របស់ NASA ក្នុងឆ្នាំ២០២៦៕
ប្រភព៖ Express, ប្រែសម្រួល៖ សារ៉ាត