កូរ៉េខាងជើងបន្ត​​​ដឹកជញ្ជូនសព្វាវុធធន់ធ្ងន់​​ទៅឲ្យរុស្ស៊ី​ នេះបើតាមចារកម្ម

បរទេស៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានប្រាប់សភា កាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងបាននាំចេញកាំភ្លើងធំបាញ់ដោយខ្លួនឯង ប្រភេទ ១៧០មីលីម៉ែត្រ និង ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនទៀត រួមទាំង ប្រភេទ២៤០មីលីម៉ែត្រ បន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ។

ការដឹកជញ្ជូនសព្វាវុធធន់ធ្ងន់ថ្មីៗនេះ គឺដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសមាជិកសភា លោក Lee Seong-kweun ដែលមានវត្តមានចូលរួម នាពេលនោះដែរ។ លោក Lee បាននិយាយថា យោធារុស្ស៊ីមិនដំណើរការប្រព័ន្ធកាំភ្លើងធំ ប្រភេទនេះ ដោយផ្ទាល់ទេ ដូច្នេះ កូរ៉េខាងជើងទំនងជាបានបញ្ជូន អ្នកហ្វឹកហ្វឺន ទៅជាមួយ។

ការអះអាងចុងក្រោយរបស់ទីក្រុងសេអ៊ូល អំពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមអ៊ុយក្រែន បានកើតឡើង ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានផ្សព្វផ្សាយរូបភាពដែលបង្ហាញពីកាំភ្លើងស្វ័យប្រវត្ថិ ១៧០មីលីម៉ែត្រ របស់កូរ៉េខាងជើង ឈ្មោះ Koksan ទៅដល់ប្រទេសនេះ តាមរយៈផ្លូវដែក។

លោក Lee ក៏បាននិយាយផងដែរថា មានទាហានកូរ៉េខាងជើង ប្រហែល ១០,៩០០ នាក់ នៅក្នុងទីក្រុងព្រំដែន Kursk ដោយចូលរួមប្រយុទ្ធជាមួយកងទ័ពអាកាស និងកងម៉ារីនរុស្ស៊ី ទប់ទល់នឹងអ៊ុយក្រែន ចាប់ផ្តើមតាំងពីខែសីហា។

រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខា លើសន្ធិសញ្ញាការពារគ្នា ទៅវិញទៅមក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីដើមឆ្នាំនេះ ដែលកាតព្វកិច្ចម្នាក់ៗ គឺប្រញាប់ប្រញាល់ជួយភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារ ពីខាងក្រៅ៕

ប្រភព៖ Independent, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner