ច្បាប់ថ្មី! អូស្ត្រាលីផាក៣០លានដុល្លារ ដល់ក្រុមហ៊ុនបណ្តាញសង្គម បើក្មេងក្រោម១៦ឆ្នាំចូលលេង

បរទេស៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម អាចនឹងត្រូវផាកពិន័យ ជាង៣០លានដុល្លារអាមេរិក ប្រសិនបើពួកគេខកខានមិនឱ្យកុមារ ចេញពីវេទិកាបណ្តាញសង្គម នេះបើយោងតាមច្បាប់ថ្មី ដែលត្រូវបានដាក់ជូន នៅចំពោះមុខសភា របស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ។

ច្បាប់នេះនឹងបង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការ ដើម្បីទប់ស្កាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឲ្យចូលទៅប្រើប្រាស់វេទិកាបណ្តាញសង្គម ដូចជា X, TikTok, Facebook និង Instagram ជាដើម ។ ផ្ទុយមកវិញ បើ
មិនធ្វើដូច្នេះទេ ក្រុមហ៊ុននឹងត្រូវផាកពិន័យ រហូតដល់ ៥០លានដុល្លារអូស្ត្រាលី ឬ ៣២,៥ លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវមានទំនួលខុសត្រូវចំពោះ «សុវត្ថិភាព និងសុខភាពផ្លូវចិត្ត» របស់ប្រជាជនអូស្ត្រាលី។ ប្រសិនបើច្បាប់ត្រូវបានអនុម័ត វេទិកាបច្ចេកវិទ្យាទាំងនេះ នឹងត្រូវបានផ្តល់រយៈពេលអនុគ្រោះមួយឆ្នាំ ដើម្បីស្វែងយល់ពីរបៀបអនុវត្ត និងអនុវត្តការហាមឃាត់នេះ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា ពួកគេនឹងអនុវត្តតាមច្បាប់ថ្មីនេះ ប៉ុន្តែ ទទូចដល់ដល់រដ្ឋាភិបាល កុំឱ្យធ្វើសកម្មភាពលឿនពេក និងខ្វះការពិគ្រោះយោបល់គ្រប់គ្រាន់។

យ៉ាងណាមិញ លោកស្រី Rowland បាននិយាយថា ក្រុមហ៊ុនមួយចំនួននឹងត្រូវបានផ្តល់ការលើកលែង ពីការហាមឃាត់ ដូចជា YouTube ដែលក្មេងជំទង់ប្រហែលជាត្រូវប្រើ សម្រាប់ការងារសាលា ឬ ហេតុផលផ្សេងទៀត។ លោកស្រីបន្ថែមទៀតថា សេវាកម្មផ្ញើសារ ដូចជា WhatsApp និងហ្គេមអនឡាញ ក៏នឹងត្រូវបានលើកលែងផងដែរ។

គួរបញ្ជាក់ថា អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលព្យាយាមសម្អាតប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈការកំណត់អាយុអ្នកចូលលេង ហើយក៏ស្ថិតក្នុងចំណោមវិធានការតឹងរ៉ឹងបំផុត របស់ពិភពលោក។ ប្រទេសជាច្រើនផ្សេងទៀតបាននិងកំពុងរឹតបន្តឹង ការចូលប្រើរបស់កុមារ ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្តែង ប្រទេសអេស្ប៉ាញបានអនុម័តច្បាប់ កាលពីខែមិថុនា ដែលហាមប្រាមការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដល់ក្មេងអាយុក្រោម ១៦ ឆ្នាំ។ នៅក្នុងរដ្ឋ ផ្លរីដា របស់សហរដ្ឋអាមេរិក កុមារអាយុក្រោម ១៤ ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឱ្យបើកគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោមច្បាប់ថ្មី ដែលនឹងចូលជាធរមាន នៅក្នុងខែមករា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner