ប្រទេសអាស៊ានពីរចែកលុយឲ្យប្រជាជន ដោះស្រាយជីវភាព
បរទេស៖ ប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាប្រទេសនៃប្រជាជាតិអាស៊ាន បានប្រកាសពីការចែកលុយដល់ប្រជាជន ដើម្បីដោះស្រាយជីវិភាព។
កាសែត VNexpress បានចេញផ្សាយថា ពលរដ្ឋថៃ វ័យចំណាស់ចំនួន ៤លាននាក់ នឹងទទួលបានប្រាក់១ម៉ឺនបាត ឬ ជិត៣០០ដុល្លារអាមេរិក ជាសាច់ប្រាក់ នៅចុងខែមករា ពោលគឺត្រូវផ្តល់ជូនឲ្យរួចរាល់ មុនពេលបុណ្យចូលឆ្នាំថ្មី។ យ៉ាងណាមិញ នេះគឺជាផ្នែកនៃគម្រោងចែកកាបូបឌីជីថល របស់ប្រទេសថៃ ដែលធ្លាប់មានក្នុងដំណាក់កាលទី១ម្តងរួចមកហើយ តាំងពីខែកញ្ញា។ នេះគឺជាកម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាល ដែលមានតម្លៃ ១៤ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់ ដល់ប្រជាជនប្រហែល ៤៥លាននាក់ ។ ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា នេះគឺជាដំណាក់កាលទីពីរ នៃកម្មវិធី ហើយចែកចាយលុយ សរុបដល់ ៤០ពាន់លានបាត ក្នុងចំណោមមនុស្ស ៤លាននាក់។
សម្រាប់ប្រទេសសិង្ហបុរីវិញ ត្រូវបានទីភ្នាក់ងារព័ត៌មាន The Straits Times ចុះថា មនុស្សពេញវ័យ ក្នុងប្រទេសមួយនេះ ប្រហែលជិត ៣លាននាក់ នឹងទទួលបានសាច់ប្រាក់ ចន្លោះពីប្រមាណ ១៥០ ដុល្លារអាមេរិក ដល់ ៤៥០ដុល្លារអាមេរិក ដើម្បីជួយបន្ធូរបន្ថយចំណាយ នៃការរស់នៅ។ ប្រភពបានរាយការណ៍ថា ចំនួននេះ អាស្រ័យលើប្រាក់ចំណូល និង អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់ប្រជាជន តាមរយៈការវាយជាក់ស្តែង។ ការទូទាត់នេះ គឺជាផ្នែកមួយនៃគម្រោងកញ្ចប់ធានារ៉ាប់រង ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយសម្ពាធចំណាយ លើការរស់នៅ សម្រាប់គ្រួសារសិង្ហបុរី និងផ្តល់នូវការគាំទ្រកាន់តែប្រសើរឡើង ដល់គ្រួសារដែលមានចំណូលទាប និងមធ្យម។ អ្នកទទួលដែលមានសិទ្ធិនឹងទទួលបានការទូទាត់ ដោយស្វ័យប្រវត្តិ ដោយចាប់ផ្តើម នៅក្នុងខែធ្នូ ប៉ុន្តែ កាលបរិច្ឆេទជាក់លាក់ អាចប្រែប្រួល អាស្រ័យលើរបៀបនៃការទទួលការទូទាត់របស់ពួកគេ។
បន្ថែមពីលើនេះ ប្រជាជនសិង្ហបុរីមួយចំនួន ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត នៅខែក្រោយ សំដៅលើការ ទូទាត់ចំណាយ សម្រាប់ការថែទាំសុខភាព និងបង្កើនប្រាក់សន្សំ ចូលនិវត្តន៍ ជាដើម នេះបើយោងតាមកាសែតសិង្ហបុរី CNA ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត