អ្នកនាំពាក្យ៖ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់​សាកល្បងនៅមុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹក​ជញ្ជូនបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា
ស្ពាន​ខ្ពស់ជាងគេនៅកម្ពុជានឹងដាក់ឱ្យប្រើប្រាស់សាក​ល្បងមុនចូល​ឆ្នាំខ្មែរខាងមុខ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនា​ផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាង​គេនៅស្រុកខ្មែរ ដែលមាន​កម្ពស់៩០ម៉ែត្រ,ទទឹង១០ ម៉ែត្រ,ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់​ឱ្យប្រើប្រាស់សាក​ល្បង​នៅចុងខែមីនា ឆ្នាំ២០២៥ខាង​មុខ គឺមុនពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងន័យបន្ថែមលើសម្រស់សមិទ្ធផលឯកនេះ អ្នកនាំពាក្យពោលថា “ពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញ​ផ្លូវអន្ទង់អាំង​ជាច្រើន​កន្លែង, ព្រៃព្រឹក្សាខៀវ​ស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់​ក្បូន,​ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។

ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅ​ត្រង់គីឡូ​ម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់​តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹម​ប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។

ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេ​ទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់​ផ្លូវជាតិ​លេខ១០ ។ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមាន​បន្ទុក​ចំនួន៥៥តោន និងគ្រោងចំណាយថវិកា ២២,៩២លាន​ដុល្លារអា​មេរិក។

គួររំលឹកថា ផ្លូវជាតិលេខ ១០ ស្ថាបនាឡើងជាប្រភេទផ្លូវកម្រិត Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោង​នឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner