សារមន្ទីរតេជោសន្តិភាព ត្រៀមខ្លួនទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា
សៀមរាប៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ថា មកដល់ពេលនេះសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា ដែលនឹងអញ្ជើញមកទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពក្នុងឱកាសកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ។
កម្ពុជាទទួលបាននូវការផ្តល់កិត្តិយសយ៉ាងឧត្ដុង្គឧត្តមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ជាមួយនឹងការត្រៀមលក្ខណៈទទួលគណៈប្រតិភូមកពីប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ារាប់សិបប្រទេសនោះ សារមន្ទីរតេជោសន្តិភាព ក៏ត្រៀមខ្លួនទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មកទស្សនាសារមន្ទីផងដែរ។
សារមន្ទីរតេជោសន្តិភាពស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណ២៥គីឡូម៉ែត្រ។ មានអគារមួយក្នុងចំណោមអគារសំខាន់ៗនៃសារមន្ទីរតេជោសន្ដិភាព គឺជាសំណង់អគារប្រវត្តិសាស្ត្រសង្គ្រាម ដែលជាជំនួយពីរាជរដ្ឋាភិបាលជប៉ុន មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ ,មាន២ជាន់,កម្ពស់១៧ម៉ែត្រ ,មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយវានឹងអាចក្លាយជាអគារដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេនៅក្នុងពិភពលោក។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងក្នុងសន្និសីទកាសែត
កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅសារមន្ទីរតេជោសន្តិភាពដោយបានកត់សម្គាល់និងផ្តល់នូវតម្លៃដ៏ខ្ពង់ខ្ពស់រដ្ឋាភិបាលជប៉ុន ក្នុងការឧបត្ថម្ភ ការសាងសង់សារមន្ទីរតេជោសន្តិភាពក្រោមជំនួយឥតសំណង។ចំពោះសារមន្ទីតេជោសន្តិភាពវិញ ក្នុងគោលបំណងធ្វើជាកន្លែងដាក់តាំងបង្ហាញពីផលប៉ះពាល់និងមហន្តរាយនៃគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ដើម្បីចែករំលែកបទពិសោធន៍អតីតកាល និងធ្វើឱ្យប្រាកដថាអនុស្សាវរីយ៍ខ្លោចផ្សានៃសោកនាដកម្មទាំងនេះមិនត្រូវបានបំភ្លេចឡើយ។
ស៊ីម៉ាក់បានប្តេជ្ញាចិត្តចំពោះចក្ខុវិស័យនៃប្រទេសកម្ពុជាគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន ហើយតាមរយៈសារមន្ទីរដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតសន្តិភាព។
យោងតាមស៊ីម៉ាក់ សារមន្ទីរតេជោសន្ដិភាពនេះ គឺជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឱ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កម្សត់មួយនេះ។
ការកសាងសារមន្ទីរតេជោសន្តិភាព ពិតជាមានសារសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃនៃសន្តិភាព។ ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះដូចជា ប្រទេសជប៉ុនមានចំនួន៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន២០កន្លែង និងប្រទេសចិនមានចំនួន១៤កន្លែង៕
ដោយ៖ប៊ុន រដ្ឋា