មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្វើបាឋកថាស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ជួយរដ្ឋមន្ត្រីលើការងារ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធកម្មសាធារណៈ បានអញ្ជើញធ្វើបាឋកថាស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា ជូនទៅដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិត-សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានជម្រាបថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិក សាស្ត្រាចារ្យ យោធាចារ្យ ក៏ដូចជានិស្សិតនិងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ លើចំណុចគ្រប់គ្រងភស្តុភារ-ហិរញ្ញវត្ថុយោធាផងដែរ ។

ឧត្តមសេនីយ៍ឯក ដោក សុផា បានបន្តថា វត្តមានរបស់ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ធ្វើបាឋកថា ស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា នាថ្ងៃនេះនឹងជួយលើកតម្កើងនូវការយល់ដឹងដ៏មានតម្លៃចំពោះភាពស្មុគស្មាញនៃការគ្រប់គ្រងធានាភស្តុភារហិរញ្ញវត្ថុ នៅក្នុងវិស័យការពារជាតិរបស់យើង។

នៅក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រង ភស្តុភារហិរញ្ញវត្ថុយោធា ទាមទារឲ្យមានប្រសិទ្ធភាព កាន់តែខ្ពស់ នោះគឺការណែនាំរបស់ ឯកឧត្តម រដ្ឋលេខាធិការ នឹងបានផ្តល់នូវគំនិតល្អៗដល់និស្សិត និងសិក្ខាកាម ទទួលបាននូវចំណេះដឹងដែលពួកគេត្រូវការ ដើម្បីបម្រើដល់កងកម្លាំងប្រដាប់អាវុធ នៃ ខ.ភ.ម នាពេលអនាគត ។

ឧត្តមសេនីយ៍ឯក លី កុសល បានឧទ្ទេសនាមពីបទពិសោធន៍មួយចំនួនក្នុងការងារ គ្រប់គ្រងធានា ភស្តុភារ ហិរញ្ញវត្ថុ ជូនកងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តម បានលើកពីសភាពការណ៍វិវត្តន៍ជាបន្តបន្ទាប់របស់ការងារភស្តុភារ ហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ ចាប់តាំងពីក្រោយរំដោះផុតពីរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ រហូតដល់មានការចរចា ស្វែងរកសន្តិភាពរបស់ភាគីជម្លោះនៅកម្ពុជា ការបោះឆ្នោតជាសាកលលើកដំបូង ដែលរៀបចំដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការ សហប្រជាជាតិប្រចាំ ប្រទេសកម្ពុជា (អ៊ុនតាក់) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ។

ឧត្តមសេនីយ៍ឯក លី កុសល បានលើកឡើងថា ទោះជាកងទ័ពជាតិ ត្រូវបានបង្កើតឡើងវិញ ហើយរាជរដ្ឋាភិបាលចម្រុះមួយ ត្រូវបានតែងតាំង និងដឹកនាំជាតិរួចទៅហើយក្តី ក៏សង្គ្រាមនៅតែបន្ត រហូតដល់ចុងឆ្នាំ១៩៩៨ ទើបត្រូវបានបញ្ចប់ទាំងស្រុង ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា ការងារហិរញ្ញវត្ថុ ត្រូវបានយកចិត្តទុកដាក់លើការទ្រទ្រង់ជីវភាពរស់នៅ ធានាបម្រើ ជូនកងទ័ពបំពេញភារកិច្ចការងារហ្វឹកហ្វឺន រៀនសូត្រ និងចល័តកម្លាំងបន្ទាន់តាមបទបញ្ជា សម្រេចបានតាមផែនការ និងបានចូលរួមបម្រើ ឱ្យកិច្ចការមនុស្សធម៌ ការងារត្រៀមចូលរួម សង្គ្រោះគ្រោះធម្មជាតិផ្សេងៗ ។

ឯកឧត្តម លី កុសល បានបញ្ជាក់ថា ដើម្បីធានាជូនបណ្តា អង្គភាពក្នុងកងទ័ពឲ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការ របស់កងឯកភាព បណ្តាស្ថាប័នជំនាញភស្តុភារ ហិរញ្ញវត្ថុទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតី យកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធជាមួយបណ្តា អង្គភាព ដើម្បីធានាដោះស្រាយថវិកា សម្ភារៈ បម្រើជូន យោធិនទូទាំងកងយោធពលខេមរភូមិន្ទ ឱ្យបានឆាប់រហ័ស ទាន់ពេលវេលាប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner