ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនក្នុងការរៀបចំប្រារព្វពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០២៤នេះ ប្រកប ដោយភាពសម្បូរបែប ពោពេញដោយភាពកក់ក្តៅ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ជាពិសេសការកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ ។ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពត ដោយស្ថិតក្រោមប្រធានបទ« អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»នៅទន្ទឹមនឹងខេត្តកំពតជា«គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» ដែលពិធីនោះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការជ្រើសរើសខេត្តកំពតធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រក្នុងឆ្នាំ២០២៤នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរ ណ៍ តំបន់ឆ្នេរសមុទ្ទកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍ ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ដែលទូរទស្សន៍អប្សរាទើបទទួលបាននៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ នេះ បានបញ្ជាក់អំពីនៅគោលការណ៍ណែនាំចំនួន ១០ចំណុច ដល់ប្រតិបត្តិករទេសចរណ៍អនុវត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នោះ ដែលពាក់ព័ន្ធនឹងការរៀបចំតុបតែងដាក់តាំងបង្ហាញផលិតផល ការរក្សអនាម័យ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងការគិតគូរពីតម្លៃជាដើម ។
នៅក្នុងលិខិតដដែលបានសរសេរទៀតថា ការណែនាំដល់ប្រតិបត្តិករទេសចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព ភាពកក់ក្តៅ ។ នៅក្នុងចំណោមសេចក្តីណែនាំទាំង ១០ចំណុចនោះ ក្រសួងទេសចរណ៍បានណែនាំឲ្យប្រតិបត្តិករ ត្រូវបង្ហាញផលិតផល ឬសេវាកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តលក្ខខណ្ឌផ្សេងៗឲ្យបានច្បាស់លាស់ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ។ ក្រសួងនូវបានណែនាំឲ្យត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឲ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរផងដែរ ។
នៅជាមួយគ្នានោះទៀត ម្ចាស់អាជីវកម្មទាំងអស់ ត្រូវណែនាំបុគ្គលិកខ្លួនឲ្យមានសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលអំពីជំនាញបដិសណ្ឋារកិច្ច និងជំនាញចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ និងការរៀបចំខ្លួនបុគ្គលិកឲ្យមានឯសណ្ឋានត្រឹមត្រូវតាមផ្នែកនិមួយៗ ជាពិសេសស្នើសុំឲ្យមានការបញ្ចូលលក្ខណៈជាខ្មែរ ។ ទន្ទឹមគ្នានោះទៀត ម្ចាស់អាជីវកម្ម ក៏ត្រូវយកចិត្តទុក ដាក់រៀបចំតុបតែងលម្អទីតាំងអាជីវកម្មរបស់ខ្លួនទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ដោយត្រូវបង្ហាញឲ្យផ្សាភ្ជាប់អំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានី-ខេត្ត ដោយមិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ ។ ក្រសួងទេសចរណ៍នូវបានជំរុញដោយត្រូវយកចិត្តទុក ដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមឲ្យបានសកម្មនូវយុទ្ធនាការ«ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ផងដែរ ។
សូមជម្រាបថា ពិធីបុណ្យសមុទ្ទរៀបចំបាន១០លើក រួចមកហើយ ដោយក្នុងនោះខេត្តកំពត បានរៀបចំ៣លើក គឺនៅឆ្នាំ២០១៥, ២០១៩ និងឆ្នាំ២០២៤នេះ ។
ការប្រារព្វពិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ត្រូវបានគេមើលឃើញថា តែងរៀបចំឡើងឲ្យមានអស្សនីយភាពសិល្បៈ ការប្រគំតន្រ្តី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិ ដើម្បីបង្កបរិយាកាសឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសប្បាយរីករាយជាមួយនឹងការទស្សនាសមុទ្រធម្មជាតិដ៏ស្រស់ស្អាត អមដោយការបាញ់កាំជ្រួចអបអរនាពេលរាត្រី ផងដែរ ។
នៅជាមួយគ្នានោះ ក៏មានរៀបចំឲ្យមហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ បន្ថែមពីនេះទៀត ក្រសួងទេសចរណ៍ក៏តែងរៀបចំឲ្យមានកម្មវិធីបង្ហាញពីសកម្មភាពកីឡាលើទឹក និងកីឡាលើធ្នេរខ្សាច់ផងដែរ ដែលជាកីឡាកំពុងពេញនិយមទូទាំងពិភពលោកផងដែរ ៕
អត្ថបទ ៖ គង់ សុផុល