Honda ប្រមូលឡាន CR-V កូនកាត់នៅវៀតណាម សេរ៊ីឆ្នាំ ២០២៣ ឡើងទៅចូលរោងចក្រវិញ
ហាណូយ ៖ ក្រុមហ៊ុន Honda នឹងចាប់ផ្ដើមប្រមូលឡាន CRV Hybrid ចំនួន ២,៦៩៥ គ្រឿងនៅប្រទេសវៀតណាមចូលមកក្នុងរោងចក្រវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីពិនិត្យ និងប្ដូរម៉ូទ័របូមសាំងដែលមានបញ្ហា ។
ឡាន CR-V Hybrid ដែលក្រុមហ៊ុន Honda នាំចូល និងចែកចាយលក់នៅក្នុងទីផ្សារប្រទេសវៀតណាម និងមានបញ្ហាម៉ូទ័របូមសាំង សុទ្ធតែផលិតនៅក្នុងប្រទេសថៃ ចន្លោះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខណៈក្នុងមួយគ្រឿងៗមានតម្លៃជិត ៥ ម៉ឺនដុល្លារ ។
ក្រុមហ៊ុន Honda បានជំរុញឱ្យម្ចាស់ឡានដែលមានបញ្ហា នាំយកយានជំនិះរបស់ពួកគេទៅកាន់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ដើម្បីត្រួតពិនិត្យ ជួសជុល ឬប្ដូរគ្រឿងបន្លាស់ ខណៈដំណើរការជួសជុលនេះ នឹងប្រើពេលប្រហែល ៣០ នាទីក្នុងមួយគ្រឿង ឯថ្លៃចំណាយគឺខាងក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់ ។
ទោះមិនទាន់មានបញ្ហាគ្រោះថ្នាក់ កើតចេញពីម៉ូទ័របូមសាំងនៅក្នុងទីផ្សារប្រទេសវៀតណាមក៏ដោយ ប៉ុន្តែក្រុមហ៊ុន Honda បានអះអាងថា ដើម្បីសុវត្ថិភាពរបស់អតិថិជន និងអ្នកដំណើរទូទៅ អតិថិជនគួរតែប្រញាប់នាំយកឡានរបស់ពួកគេទៅកាន់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យជាបន្ទាន់ ។
ឡាន CR-V Hybrid ត្រូវបានដាក់លក់ជាលើកដំបូងនៅវៀតណាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៤ នេះក្រុមហ៊ុន Honda លក់ដាច់ឡាន CR-V Hybrid បានចំនួន ១,៣៥៩ គ្រឿង និងកើបលុយជាង ៦៧ លានដុល្លារ ៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា