ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Mushahid Hussain Sayed អញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាសារព័ត៌មាន ICAPP លើកទី៧
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ « ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព » នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានបានគូសរំលេចថា ក្នុងនាមជាគណបក្សដឹកនាំមួយ នៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំ វេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយ របស់ពិភពលោកបច្ចុប្បន្ន ។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម ។
ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យ ព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារ សីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាព និងគុណភាពនៃព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ ៕
ដោយ ៖ វណ្ណលុក