ប្រធានIDC-CDI គាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោក្នុងកម្មវិធីបើកសន្និបាត ICAPP ថា នៅលើពិភពលោកនេះ គ្មានស្តង់ដារសម្រាប់ការកសាងសន្តិភាពនោះទេ
(ភ្នំពេញ)៖ ឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC និងជាអតីតប្រធានាធិបតីកូឡុំប៊ី បានថ្លែងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោក្នុងកម្មវិធីបើកសន្និបាត ICAPP ថា នៅលើពិភពលោកនេះ គ្មានស្តង់ដារសម្រាប់ការកសាងសន្តិភាពនោះទេ ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិ បណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
ក្នុងជំនួបនេះ ឯកឧត្តម Andrés Pastrana បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នា រវាងកូឡុំប៊ីនិងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេល នៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន ។
ឯកឧត្តម បានបន្តថា លោកពិតជាពេញចិត្ត និងគាំទ្រទាំងស្រុង ចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារ ដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ឯកឧត្តម ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។
ឯកឧត្តម បានរំលឹកជូនសម្តេចតេជោពីប្រវត្តិស្វែងរកសន្តិភាព នៅពេលដែលឯកឧត្តម ជាបេក្ខជននៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតី សម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ១៩៩០ ។
ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ លោកបានព្យាយាមចរចាជាមួយ គ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះ ប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សា ដើម្បីសន្តិភាព ។ ឯកឧត្តម បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង ។
ក្នុងឱកាសនោះផងដែរ លោកស្រី ប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បានជម្រាបជូនសម្តេចតេជោ ថានេះជាលើកទីមួយ ដែលលោកស្រី បានមកទស្សនាប្រទេសកម្ពុជា ហើយម្សិលមិញនេះ ក្រោយពីបានទៅទស្សនា នៅសារមន្ទីរគុកទួលស្លែង លោកស្រី ពិតជាមានអារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។ លោកស្រី បានបន្តថា ក្នុងនាមជាប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣គណបក្ស លោកស្រីប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់ គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកស្រី ក្នុងនាមជាប្រធាន នឹងសូមគាំទ្រវីរភាពដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាព ជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្ត ចំពោះការលះបង់ ដែលសម្តេចតេជោបានធ្វើ និងបូជាជូនប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ ពាក្យពេជន៍ដ៏មានតម្លៃ និងការគាំទ្រស្មារតី និងសកម្មភាពរបស់ប្រទេសកម្ពុជា ក្នុងបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល ។
សម្តេចតេជោ បានបន្ថែមថា កម្ពុជា មិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេសខ្លួនបានឡើយ ហើយប្រសិនបើសង្រ្គាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មកបញ្ចប់សង្រ្គាមបាននោះទេ ។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារមួយនោះ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមួយមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ យុត្តិធម៌ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយកបាន ហើយនេះគឺជាចំណុចសំខាន់ ដែលបណ្តាគណបក្សនយោបាយ គួរគិតគូរ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរ ឯកឧត្តម ប្រធានCDI និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា និងសង្ឃឹមថាគណៈប្រតិភូ នឹងបន្តស្នាក់នៅ និងចូលរួមកិច្ចប្រជុំ IPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តទៀត ៕
ដោយ ៖ វណ្ណលុក