កម្ពុជា ស្នើភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើ ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើបងប្អូនខ្មែរក្រោម ។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឺទ្ធសភានៃកម្ពុជា និងឯកឧត្តម ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។
ក្នុងជំនួបនេះ ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម ។ សម្តេច ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម ។ សម្តេច ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ ដែលកំពុងរស់ នៅក្នុងប្រទេសវៀតណាមផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ខណៈដែលស្ថានការណ៍ពិភពលោកវិវត្ត ទៅមុខយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន ។
.
សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមជំរុញពង្រឹង និងពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយកម្ពុជាបាននិងកំពុង នាំចេញគ្រាប់ស្វាយចន្ទី យ៉ាងច្រើនទៅវៀតណាម ។ សម្តេច បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្របខណ្ឌដែលមានស្រាប់ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាពការណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន ។
នៅក្នុងជំនួបនេះ មានប្រសាសន៍ចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍មិនឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង ក្នុងនោះរួមមានទាំងកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ ។
ឯកឧត្តម ជិន ថាញ់មិន ក៏បានរំឭកជំនួបដែលមិនអាចបំភ្លេចបានជាមួយសម្ដេចតេជោ ទាំងបីលើកនាពេលកន្លងមក និងសូមនាំការផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តម តូ ឡឹម និងសូមកោតសរសើរ និងអបអរសាទរនូវជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលកន្លងមក ដែលសបញ្ជាក់ឱ្យឃើញពីការគាំទ្រ របស់ប្រជាជនកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើន គួរឱ្យកត់សម្គាល់របស់ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានជម្រាបសម្តេចតេជោថា នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយនឹងសម្តេចប្រធានរដ្ឋសភា និងមានក្តីសប្បាយរីករាយ ដែលចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សំណង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភាកម្ពុជា តម្លៃ ២៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់ប្រជាជនវៀតណាម ជូនប្រជាជនកម្ពុជា ព្រមទាំងបានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី ។
ឯកឧត្តម បានជម្រាបសម្តេចតេជោ អំពីស្ថានភាពសេដ្ឋកិច្ចប្រទេសវៀតណាម ដែលមានកំណើនខ្ពស់ បើប្រៀបធៀបនឹងប្រទេសនានា នៅក្នុងតំបន់និងពិភពលោក ហើយវៀតណាម ឈានចូលក្នុងយុគសម័យថ្មី ទៅជាប្រទេសចំណូលខ្ពស់។ ប្រទេសវៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍ ១០០ឆ្នាំ នៃគណបក្សកុម្មុយនីសវៀតណាម នៅឆ្នាំ២០៣០ និង១០០ឆ្នាំ នៃការបង្កើតសាធារណសង្គមនិយមវៀតណាម នៅឆ្នាំ២០៤៥ ។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមក គឺជាជាកត្តាសត្យានុម័ត និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទីនិងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ។
ឯកឧត្តម ក៏បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នៃប្រទេសយើងទាំងពីរ ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គីផងដែរ ៕
ដោយ ៖ វណ្ណលុក