រុស្ស៊ីបញ្ចេញមីស៊ីលលឿនជាងសំឡេងថ្មី, ១វិនាទី បាញ់បាន៣គីឡូម៉ែត្រ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានជួបជាមួយមេបញ្ជាការយោធា នៅមួយថ្ងៃ បន្ទាប់ពីរុស្ស៊ី បានបាញ់សាកល្បងមីស៊ីលបាលីស្ទីក Oreshnik ដែលមានល្បឿនលឿនជាងសំឡេង បាញ់បាន៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ហើយទើបតែបាញ់មួយគ្រាប់ ទៅលើទីក្រុង Dnipro នៃប្រទេសអ៊ុយក្រែន។
លោក ពូទីន ហៅមីស៊ីលផ្លោងថ្មីនេះថា ជា «អ្នកធានា ដែលអាចទុកចិត្តបាន នៃបូរណភាពទឹកដី និងអធិបតេយ្យភាព របស់រុស្ស៊ី» ខណៈលោក Sergei Karakayev មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី និយាយថា មីស៊ីលនេះ «អាចបាញ់ដល់គោលដៅ គ្រប់ទីកន្លែង ក្នុងទឹកដីអឺរ៉ុប» ដោយសម្គាល់ថា អាចបាញ់បានចម្ងាយឆ្ងាយ ជាងអាវុធក្នុងឃ្លាំងរបស់ទីក្រុងម៉ូស្គូ ផ្សេងៗទៀត។
លោក ពូទីន បាននិយាយថា ស៊ីលលឿនជាងសំឡេងថ្មី ត្រូវបានគេដាក់ពង្រាយ «នៅក្នុងការកំណត់រចនាសម្ព័ន្ធល្បឿន លឿនជាងសំឡេង មិនមែននុយក្លេអ៊ែរ» ហើយថា «ការធ្វើតេស្ត» បានទទួលជោគជ័យ និងបានទៅដល់គោលដៅរបស់វា។ លោកបាននិយាយថា ការធ្វើតេស្ត នាពេលអនាគត នឹងត្រូវបានអនុវត្ត រួមទាំងនៅក្នុង «លក្ខខណ្ឌប្រយុទ្ធ» ហើយបានបញ្ជាឱ្យ Oreshnik ត្រូវបានដាក់ចូល ទៅក្នុងការផលិត ជាសេរ៊ី។
លោក ពូទីន បាននិយាយថា ប្រព័ន្ធការពារដែនអាកាស មិនអាចស្ទាក់ចាប់ មីស៊ីល Oreshnik បានទេ ខណៈដែលវាយប្រហាររបស់វា ស្ថិតក្នុងល្បឿន ចន្លោះពី២.៥គីឡូម៉ែត្រ ទៅ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត